(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹង​អញ្ជើញ​ជាអធិតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។

ក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត នឹងថ្លែងសុន្ទរកថាមួយចំនួន ។ បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅ​ទស្សនាទំនប់វារី​អគ្គីសនីដនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចំប៉ាសាក់តែម្តង។

ក្រសួងការបរទេសកម្ពុជា បានអះអាងនៅក្នុងសេចក្តីជូនដំណឹងមួយថា ការបើកឱ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនជាមួយប្រទេសឡាវថ្មីនេះ បង្ហាញពីការរីកចំរើន​ថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះ ក៏នឹងឆ្លើយតបផងដែរចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយសម្របសម្រួលបន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ៕