(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមករានេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចុះសួរសុខទុកប្រជាពលរដ្ឋ ប្រមាណ២០០នាក់ ដែលមកពិនិត្យសុខភាព​ដោយឥតគិតថ្លៃ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រីថ្លែងថា កម្មវិធីលើកកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក មកពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» និងមន្រ្តីក្រោមឱវាទ ក្រសួងសុខាភិបាល ដែលបានចុះផ្តល់សេវាសុខភាព ដល់ទីកន្លែងតែម្តងនៅថ្ងៃនេះ នឹងជួយផ្ដល់ភាពស្រួល ក្នុងពិនិត្យជំងឺបានភ្លាមៗ ដោយមិនចាំបាច់ធ្វើដំណើទៅមន្ទីរ ដែលនៅឆ្ងាយពីផ្ទះរបស់ពួកគាត់ទេ ពិសេសចំណេញទាំងថវិកា ពេលវេលា ហើយមានសុវត្ថិភាពខ្ពស់ទៀតផង។

លោករដ្ឋមន្ដ្រីបន្ដទៀតថា «ថ្ងៃនេះ បងប្អូនយើងអាចពិនិត្យជំងឺទូទៅទំាងអស់ ដោយមានព្យាបាលធ្មេញ ពិនិត្យជម្ងឺភ្នែក ពិនិត្យអេកូ រោគស្រ្ដី បេះដូង ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាមួយនឹងការផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដើម្បីពង្រឹងបន្ថែមទៀតនូវសុខមាលភាពជូនប្រជាជន ស្របតាមយុទ្ឋសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមគ្រូពេទ្យជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល បានផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខណ្ឌសែនសុខ ហើយសកម្មភាពនេះ និងបន្ដធ្វើជាបន្ដបន្ទាប់ទៀត៕