(បន្ទាយមានជ័យ)៖ បុរសជាជនជាតិខ្មែរឥស្លាមម្នាក់ ខណៈដែលទៅដាក់អន្ទាក់សត្វ បែរជាជាន់មីនបណ្ដាលឲ្យដាច់ជើងម្ខាង នៅផ្នែកខាងឆ្វេង គួរឲ្យអាសូរបំផុត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង១១៖០០នាទី ថ្ងៃ​ទី០​៦ ​ខែមករា​ ឆ្នាំ​២០១៧​ នៅចំណុចដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិអូរនាង​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា​ ជន​រងគ្រោះ​ខាងលើនេះ ឈ្មោះ​ កូប​ ម៉ាត ភេទប្រុស​ ​មានអាយុ​ ៤៧​ឆ្នាំ រស់នៅភូមិបាលិយ្យ១​ សង្កាត់-ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ច​បន្តទៀតថា​ មូលហេតុដែលបណ្តាល ឲ្យបុរសខាងលើត្រូវគ្រាប់មីននោះ គឺរូបគាត់បានដើរចូលព្រៃ ដើម្បីទាក់សត្វលលក ពេលនោះក៏ជាន់មីនបង្សល់ តាំងពីសម័យ​សង្គ្រាម​បណ្តាលឲ្យផ្ទុះដាច់ជើងឆ្វេង។ បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅមន្ទី​ពេទ្យ​បង្អែក​ ស្រុក​មង្គលបូរី ​កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ហើយនៅពេលនេះ ។

សូមរំលឹកថា​ ករណីខាងលើនេះ​ គ្រាប់មីនមិនទាន់ផ្ទុះ​មាននៅកប់ ក្នុងដីច្រើនណាស់ជាពិសេសដីព្រៃដែលនៅជាប់ និងព្រំដែនរបស់ កម្ពុជាថៃ គឺគ្រាប់មីនបានបន្សល់ទុកតាំងពីសម័យ សង្គ្រាមជាច្រើន ជំនាន់មកហើយ កន្លងទៅក៏ធ្លាប់មានពលរដ្ឋខ្មែរ បានរងគ្រោះ ដោយសារតែគ្រាប់មិនទាន់នេះដែរ៕