(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ បានឃាត់ខ្លួនប្រធានមណ្ឌលសុខភាព ផ្សារដើមថ្កូវ និងបក្ខពួក សរុបចំនួន៤នាក់ បន្ទាប់ពីពួកគេបានជំរិតទារប្រាក់ ពីអ្នកលក់ដូរនៅជុំវិញមណ្ឌលសុខភាព។

បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤រូប ដែលត្រូវបានឃាត់ខ្លួននោះ រួមមានទី១៖ លោក ស្រី រតនា ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ, ទី២៖ ឈ្មោះ អ៊ឹង សៀងប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាបុគ្គិលពេទ្យ, ទី៣៖ ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាងសំណង់ និងទី៤៖ ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន ទឹកថ្លា។

សមត្ថកិច្ចបានបញ្ជាក់ថា ការសម្រេចចុះមកឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីក្រុមអ្នកលក់ដូរចំនួន១២នាក់ ដែលរកស៊ីលក់ដូរ នៅជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវ ថាប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ បានបញ្ជាឲ្យបក្ខពួក៣នាក់ ដើរប្រមូលលុយពីក្រុមអ្នកលក់ដូរទាំងនោះ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនមនុស្ស៣នាក់ ដែលត្រូវបានលោកប្រធាន មណ្ឌលសុខភាពបញ្ជាឲ្យដើរប្រមូលលុយ ជាក់ស្តែង ដែលកំពុងតែជំរិតទារលុយ និងបានដកហូតប្រាក់ដុល្លារ៣៨១ដុល្លារ និងលុយរៀល ៥២៦០០០រៀល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយសួរនាំលើប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ រូបគាត់បានសារភាពថា ខ្លួនពិតជាបានបញ្ជាឲ្យដើរ ប្រមូលលុយ តាមតូបលក់ដូរ ពិតមែនដោយក្នុង១ខែ ទទួលបាន៥៨០ដុល្លារ ដែលគាត់យកទៅចាត់ចែងការងារផ្សេងៗ៕