(ឧត្តរមានជ័យ)៖ លោកស ថាវី​ អភិបាលខេត្ត និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន យកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋបាន ទៅសម្រាកព្យាបាល ជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ជិត២០០នាក់ សំរាប់មុនថ្ងៃ៧មករាស្អែកនេះ ។

លោកស ថាវី អភិបាលខេត្តបានថ្លែងសំណេះសំណាល និងបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និង​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងពីរ តែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកស ថាវី អភិបាលខេត្តបានថ្លែង​បន្តថា អំណោយទាំងនេះ​សំរាប់​ប្រជាពលរដ្ឋ ដែលជួបនូវការលំបាកដោយបញ្ហាផ្សេងៗមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ពណ៌សម្បុរនោះទេ យ៉ាងណាមិញដូចជាថ្ងៃនេះ យើងចែកអំណោយរបស់កាកបាទក្រហមនៅពេលនេះ ក៏យើងមិនបានគិតថា បងប្អូននៅបក្សណាឬបក្សណានោះទេ សំខាន់គឺយើងចែកចំពោះបងប្អូនក្រីក្រពិតប្រាកដ។

សូមជម្រាបថា អំណោយដែលចែកជូនពលរដ្ឋក្រីក្រ និងពលរដ្ឋសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ​ ជិត២០០នាក់ ក្នុងម្នាក់ទទួលបានសារុង១ ត្រីខ២ ទឹកដោះគោ២កំប៉ុង
ស្ករស២គីឡូក្រាម និងថវិកា២ម៉ឺនរៀល ៕