(ភ្នំពេញ)៖ ខួបកំណើតតារាសម្ដែង និងកំប្លែងភេទទី៣ កញ្ញា យេយេ នារាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋាន V Freind សាខាបឹងត្របែក ត្រូវបានគេសង្កេតឃើញថា សម្បូរទៅដោយតារាសម្ដែងភេទទី៣ យ៉ាងច្រើនកុះករ ប្រមាណជិត១០០នាក់ចូលរួមអបអរសាទរ ខណៈកម្មវិធីនេះ ធ្វើឡើងទ្រង់ទ្រាយធំជាលើកទី១ សម្រាប់តារាសម្ដែងកញ្ញា យេយេ បន្ទាប់ពីឡើងកូដស្រឺតៗ ក្នុងវិស័យសិល្បៈ មានឈ្មោះបោះសំឡេងល្បីខ្លាំង រួចមក។

ក្នុងកម្មវិធីនេះ ក្រៅពីតារាសម្ដែង តារាចម្រៀងល្បីៗចូលរួម ក្នុងនោះក្រុមតារាសម្ដែងភេទទី៣ ជាច្រើននាក់ រស់នៅក្នុងចង្កោមសិល្បៈ បានមកប្រមូលផ្ដុំគ្នា តាមការអញ្ជើញរបស់កញ្ញា យេយេ គ្មានខានម្នាក់ណាឡើយ។ ក្នុងចំណោមតារាភេទទី៣ ទាំងអស់ បានបង្អូត​សម្រស់គ្នាទៅវិញទៅមក ប្រៀបបីដូចជាកម្មវិធីខួប របស់កញ្ញា យេយេ ក្លាយជាទីលានបង្អួតសម្រស់របស់កញ្ញា ភេទទី៣ នៅក្នុង​ប្រទេសកម្ពុជាដូច្នោះដែរ។

តារាកំប្លែងសាច់ទ្រលុកទ្រលន់ កញ្ញា យេយេ បានថ្លែងឲ្យដឹងក្នុងពិធី ខួបកំណើត នាយប់មិញនេះថា កម្មវិធីនេះ នាងបានអញ្ជើញ​ភ្ញៀវកិត្តិយសនិងមិត្តភក្តិរួមអាជីពការងារសិល្បៈទាំងអស់ ប្រមាណជា៣៥តុ ខណៈដែលកន្លងមក នាងពុំបានធ្វើលក្ខណៈធំដុំ អធិក​អធមបែបនេះឡើយក្រោយខកខាន៣ឆ្នាំ។ យ៉ាងណាមិញ ដោយសារតែនាង គិតថា សព្វថ្ងៃនេះ ជាពិសេសក្នុងខែនេះ អ្នកសិល្បៈ​ពិតជាមានការងារមមាញឹកច្រើនទើបនាងមិនបានអញ្ជើញ ឲ្យអស់គ្នាទេ។

កញ្ញា យេយេ បន្ថែមទៀតថា ថ្ងៃនេះ នាងពិតជាសប្បាយរីករាយឥតឧបមា ដែលបានឃើញមិត្តភក្តិ ក៏ដូចជាភ្ញៀវកិត្តិយស ទាំងអស់​ផ្ដល់វត្តមានចូលរួម ក្នុងកម្មវិធីខួបរបស់នាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាង សោកស្ដាយបំផុតនោះ គឺកម្មវិធីនេះ គ្មានវត្តមានអ្នកម្ដាយជាទី​ស្រឡាញ់របស់នាងចូលរួមឡើយ ខណៈដែលគាត់បានចែកឋាន ទៅកាន់លោកខាងមុខ និងមិនបានឃើញពីភាពជោគជ័យរបស់កូន ​គួរឲ្យស្ដាយជាទីបំផុតតែយ៉ាងណាមិញ កញ្ញា យេយេ ក៏នៅមានឪពុកជាទីស្រឡាញ់ ដែលមានវ័យប្រមាណជាង៨០ឆ្នាំ កំពុងមើលថែ​ឃុំគ្រងកូនចៅជំនួសម្ដាយដែលបាត់បង់រួច ទៅហើយដែរ។

មាឌទ្រលុកទ្រលន់ដូចកូនដំរី កញ្ញា យេយេ បានថ្លែងទាំងរំភើប រហូតចង់ស្រក់ទឹកភ្នែកទៀតថា ថ្ងៃខួបកំណើតរបស់នាង គឺបាន​ធ្វើឡើង​ក្នុងបំណងលើករាសី ហើយនាងធ្វើមិនជាញឹកញាប់នោះទេ ខកខានពីរ បីឆ្នាំមកហើយ។ លើកនេះមកពីគិតថា មានសន្ទុះសិល្បៈឡើងខ្លាំង ទើបបង្កើតកម្មវិធីមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍ ក្នុងនោះមានបងប្អូនសិល្បករ-សិល្បការិនី មកពេញប្រៀបធ្វើឲ្យនាងសប្បាយចិត្ត នឹកស្មានមិនដល់ឡើយ។

សូមបញ្ជាក់ថា តារាភេទទី៣ យេយេ ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសិល្បៈ ហក់ឡើងខ្លាំង ក្នុងសង្គមសិល្បៈ ព្រោះតែនាងមានទេពកោសល្យល្អ ពាក្យពេចន៍និយាយលេងនៅលើឆាកប៉ិនប្រសប់ គួរឲ្យចាប់អារម្មណ៍ ។ បែបនេះហើយ នាងត្រូវបានអ្នកសិល្បៈមើលឃើញថា ជាសមាជិក​លេចធ្លោមួយដួងទៀត បន្ទាប់មុននេះ មានកញ្ញា រ៉ូលីន ម៉ាដូណា ដែលលេចធ្លោយ៉ាងខ្លាំងហើយនោះ។

តារាសម្ដែងកំប្លែង កញ្ញា យេយេ មានឈ្មោះពិតថា «ឃ្លោក មករា» មានបងប្អូន៧នាក់ ស្រី៣ប្រុស៤ ប៉ុន្តែពេលនេះ គឺស្រី៤ប្រុស៣វិញ (កញ្ញា យេយេ ប្រាប់ទាំងអស់សំណើច) ហើយខួបកំណើតនេះ គឺគម្រប់អាយុ២៤ ឆ្នាំ។ សព្វថ្ងៃកញ្ញា យេយេ ជាសមាជិកក្រុមកំប្លែងភេទទី៣ ដែលតែងតែបង្ហាញវត្តមានជាប្រចាំ ក្នុងស្ថានីយទូរទស្សន៍ PNN និង MyTV៕