(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា ស្នាដៃ​ដ៏ត្រចះត្រចង់​របស់​កងកម្លាំង​វិស្វកម្ម​លេខ៩៣៦ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែល​បាន​សម្រេច​ជោគជ័យ នៅប្រទេសលីបង់ និងស៊ូដង់​ខាងត្បូងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងសមិទ្ធផលជាច្រើនដែលកងកម្លាំងកម្ពុជា ទទួលបានលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។

បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា នេះគឺជាការលះបង់អាយុជីវិត ដើម្បីបុព្វហេតុ សន្តិភាព សន្តុសុខ និងមនុស្សធម៌ ដល់បណ្តាប្រទេសក្នុងលោក ដែលកំពុងតែទទួលការរងទុក្ខដោយសារជម្លោះនានា។

នាយឧត្កមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្នមន្រ្តី រដ្នមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចូលរួមអបអរសាទរ ពិធីទទួលដំណើរ​និវត្តមាតុភូមិរបស់ កង វិស្វកម្មលេខ ៩៣៦ និង កង ពេទ្យកំរិត២ លេខ៩០៨ បញ្ចប់បេសកកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្នលីបង់ និង សូដង់ខាងត្បូង នៅមូលដ្នានទ័ពអាកាសពោធិ៍ចិនតុង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសង្កត់ធ្ងន់ថា ក្រៅពីការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ កងយោធពលខេមរភូមិ បានបន្តអនុវត្ត​ផែនការកែ​ទម្រង់ដ៏ស៊ីជម្រៅ​របស់ខ្លួនលើគ្រប់វិស័យ និងពង្រីកសមត្ថភាពយោធិនគ្រប់រូប ឲ្យកាន់តែមានប្រសិទ្ធភាព និងបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចសហការ​រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការពារអធិបេតយ្យភាព បូរណភាពទឹកដី ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

កងយោធពលខេមរភូមិន្ទ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដោយប្រើប្រាស់យន្តការទ្វេភាគី និងពហុភាគី​ក្នុង​គោលដៅ​ស្វែងរកជំនួយឧបត្ថម្ភផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់កងទ័ព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការហ្វឹកហាត់បណ្តុះបណ្តាលជំនាញបចេ្ចកទេស សំដៅដល់ការ​អភិវឌ្ឍធនធានមនុស្សជាដើម។

លោក Alexandre Huynh អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានឲ្យដឹងថា លោកមានសេចក្តីសប្បាយ​រីករាយដោយ​បានឃើញដំណើរ​និវត្តន៍របស់កងវិស្វកម្ម​លេខ៩៣៦ នៅប្រទេសលីបង់ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែលជាកញ្ចប់​បេសកកម្មនៅប្រទេស​ស៊ូដង់​ខាងត្បូង ដែលបានបញ្ចប់បេសកកម្ម ប្រកបដោយ​ជោគជ័យ និងមានសុវត្ថិភាព។

លោក Alexandre Huynh បានសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយ​បង្កើត​ឲ្យមានសន្តិសភាព ជាក់ស្តែងសម្រាប់​បណ្តា​ប្រទេសផ្សេងៗ និងអបអរសាទរ​ចំពោះកងរក្សាសន្តិភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែលបានសម្រេច​ជោគជ័យ​ជាប្រវត្ថិសាស្រ្ត​របស់ខ្លួនជាបន្តបន្ទាប់ ដែលជា​ការតាំងចិត្ត​ក្នុងការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​បណ្តា​ប្រទេសនានា និងបានចែករំលែក​ជំនាញ និងបទពិសោធន៍​ជូនប្រទេស​ដែលមានជម្លោះ និង​អស្ថេរភាព៕