(ភ្នំពេញ)៖ ក្រុមការងារនៃក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងបណ្តាញសហគមន៍ព្រៃឡង់ចំនួន ៤ខេត្ត គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាព នៃការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងដំណើរការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។

កិច្ចពិភាក្សាខាងលើនេះ បានផ្តោតសំខាន់ទៅលើការអនុវត្តសកម្មភាពល្បាតរួមគ្នា និងការអនុវត្តច្បាប់ លើបទល្មើស ធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់ រវាងអង្គភាពនិងស្ថាប័នមានសមត្ថកិច្ច និងបណ្តាញសហគមន៍ព្រៃឡង់ អនុលោមតាមស្មារតីនៃវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦កន្លងមក។

នៅក្នុងជំនួបនេះ បណ្តាញសហគមន៍ព្រៃឡង់ បានលើកឡើងនូវចំណុចវិជ្ជមានជាច្រើនពាក់ព័ន្ធនឹងកិច្ចសហការ រវាងមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស និងសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តទាំង៤ ជាពិសេសការល្បាតរួមគ្នា ហើយជាមួយគ្នានេះ ក៏បានពិនិត្យឃើញបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ។

ជាមួយគ្នានោះ បណ្តាញសហគមន៍ព្រៃឡង់ ក៏បានលើកឡើងផងដែរអំពីការមិនទទួលស្គាល់នូវខ្លឹមសារមួយចំនួន ដែលបាន លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅផ្ទះមេត្តា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយបន្តដោយ វិទ្យរអាស៊ីសេរី(RFA)៕