(កំពង់ធំ)៖ យ៉ាងហោចណាស់ តូបអាជីវករក្នុងផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន៥៤តូប ត្រូវអគ្គិភ័យឆេះបំផ្លាញគ្មានសល់ ដែលគិតជាទឹកប្រាក់ ប្រមាណជិត១០ម៉ឺនដុល្លារ នៅរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចខេត្តកំពង់ធំ បានបញ្ជាក់ថា អគ្គិភ័យឆេះផ្សារក្រវ៉ា នេះបានកើតឡើងនៅម៉ោង១៖៤០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

បន្ទាប់ពីទទួលដំណឹងភ្លាមៗ លោក អ៊ុត សំអន អភិបាលខេត្តជិតចប់អាណត្តិ បានបញ្ជាភ្លាមទៅកងកំលាំងទាំង៣ប្រភេទ ឲ្យជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ប្រើទឹកអស់ចំនួន១០រថយន្ត។

បើតាមសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គិភ័យនេះ រហូតទៅដល់ម៉ោងជាង២៖០០នាទីរំលងអាធ្រាត្រ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ នូវមូលហេតុនៃការឆាបឆេះនេះផងដែរ៕