(ភ្នំពេញ)៖ នៅលើកគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី១០ បានរកឃើញម្ចាស់ជយលាភី១០នាក់ហើយ (TOP-10) ខណៈការបោះឆ្នោតជ្រើសរើសជយលាភីលេខ១ (TOP-1) ចាប់ផ្តើមបើកឲ្យបានការបោះឆ្នោតជ្រើសរើសពីថ្ងៃទី០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧។

នៅលើគេហទំព័រ Facebook សម្តេចតេជោ បានសរសេរថា៖

អបអរសាទរ ជ័យលាភីទាំង ១០ នាក់! Congratulations to the TOP-10 finalists !

បោះឆ្នោតពេលនេះ Vote Now ! នៅ ពេលនេះសាធារណជន អាចបោះឆ្នោតជ្រើសរើស (Like) ជយលាភីលេខ១ (Top-1) នៅលើ Facebook សម្តេចតេជោជាបន្តទៀត ចាប់ពីថ្ងៃទី ៦-៨ ខែមករា ឆ្នាំ២០១៧ ដែលបិទបញ្ចប់នៅម៉ោង៦៖០០ល្ងាច! សូមសាធារណជនចូលរួមបោះឆ្នោត គាំទ្របេក្ខជន ឬបេក្ខនារីគំរូណាមួយ ដែលមានស្នាដៃគម្រូល្អដល់សង្គមជាតិពិតប្រាកដ។

ជូនពរដល់បេក្ខជន និងបេក្ខនារីទទួលជោគជ័យគ្រប់ៗគ្នា!

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៩វគ្គរួចមកហើយ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕