(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ខឹងថៅកែរោងចក្ររឿងធ្វើម៉ូតខោអាវ ទាក់សំដីគ្នាមួយម៉ាត់ពីម៉ាត់សោះ ចិត្តខ្លាំងទាញប៉័ងតោមកកាប់លើថៅកែរោងចក្រ តែសំណាងល្អរបួសស្រាល។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី៥ ខែមករា​ ឆ្នាំ២០១៧​ នៅក្នុងហាងលក់កាហ្វេ ឈ្មោះ «ធានធាន» ស្ថិតក្នុង​បុរី «ញូថោន» ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ា វៃម៉ាន់ អាយុ៣០ឆ្នាំ ជាថៅកែរោងចក្រមួយកន្លែង ស្នាក់សង្កាត់ចក្រអង្រែ២ ខណ្ឌមានជ័យ ចំណែកជនបង្កឈ្មោះ ជាំង ជីងលុន ជាជាតិចិនមុខរបរជា អ្នកណែនាំខោអាវរោងចក្រ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសទាំង២បានមកផឹកកាហ្វេនៅហាងដែលមានយីហោ «ធានធាន» ដើម្បីពិភាក្សារឿងខោអាវដែលត្រូវកម្ម៉ង ពេលនោះជនជាតិចិន បានសួរថា «អាវដែលណែនាំនោះយ៉ាងមិចហើយ ហើយលោកថៅកែឯងគេចពីខ្ញុំ ពីរបីថ្ងៃហើយ» ស្រាប់តែពេលនោះបុរសទាំង២ បានទាក់សម្ដីគ្នាមួយម៉ាត់ពីម៉ាត់​ហើយជនជាតិចិនចិត្តក្ដៅរូបនោះ បានចាប់ជនរងគ្រោះក្របួចអាវបោកទៅនឹងដី រួចរត់ទៅទាញប៉័ងតោកាប់លើជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួសស្រាល។

ក្រោយបង្កហេតុជនជាតិចិនរូបនោះ បានរត់ឡើងរថយន្ដជិះគេចខ្លួនបាត់ បន្សល់តែថៅកែរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីចាត់ការបន្ដ៕