(ភ្នំពេញ)៖ នៅចុងសប្តាហ៍កន្លង​ទៅដោយសារ​តែជាថ្ងៃ​សម្រាកពី​ការងារ​ពេលឆ្លង​ឆ្នាំថ្មី អ្នកព័ត៌មាន​អង្គភាពព័ត៌មាន​ Fresh News ក៏មានឱកាសបាន​ទៅលេងបងប្អូន​ជាមន្រ្តីពន្ធនាគារ​ព្រៃស ដើម្បីស្រស់​ស្រូបអាហារជុំគ្នា និងសំណេះ​សំណាល​ពីបញ្ហា​ផ្សេងៗជាហូរហែ។

ដោយសារ​តែរវល់នឹង​ការងារ​ច្រើនធ្វើឲ្យអ្នកព័ត៌មាន Fresh News និងសាច់​ញាតិជាមន្រ្តី​ពន្ធនាគារ បើទោះបីរស់នៅ​រាជធានីភ្នំពេញ ក៏មិនសូវ​បានជួបគ្នា​នោះឡើយ។ ការមិនសូវបាន​ជួបគ្នានេះ ធ្វើឲ្យពួកគេ​មានរឿងជជែក​ពិភាក្សាគ្នាយ៉ាងច្រើន។ ដោយសារសាច់ញាតិជាមន្រ្តីយាមទ្វារពន្ធនាគារ ធ្វើឲ្យគាត់បាន​ដឹងរឿងមិនប្រក្រតី​ជាច្រើនពាក់ព័ន្ធ​ការងារ​របស់ពន្ធនាគារ​នាពេលបច្ចុប្បន្ន ហើយក៏បាន​ភ្លាត់មាត់​ទម្លាយឲ្យអ្នក​ព័ត៌មាន Fresh News បានដឹងផងដែរ។

សាច់ញាតិជាមន្រ្តីពន្ធនាគារ​រូបនេះ បានឲ្យដឹងថា ការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារមានការធូរលុងខ្លាំង ពោលអ្នកទោសក្នុងពន្ធ នាគារអាចទូរស័ព្ទ​ទាក់ទងមនុស្ស​នៅខាងក្រៅបានស្រេចតែចិត្ត ឲ្យតែមានលុយបង់ឲ្យឆ្មាំពន្ធនាគារ។ លើសពីនោះទៀតទណ្ឌិត ដែលមានលុយ​កាក់ច្រើនអាចបិទភ្នែក​ឆ្មាំពន្ធនាគារ​ចេញក្រៅពន្ធនា​គារ​បានថែមទៀត​ផង។ រហូតទណ្ឌិតខ្លះ ដែលមាន​លុយអាចរត់​ការកែខៃសំណុំ​រឿងឲ្យរួចពី​ទោស​ទណ្ឌក៏មាន។

ក្រោយពីការនិយាយ​បើកកកាយពី​ភាពមិនប្រក្រតី​ក្នុងពន្ធនាគារ​ជាច្រើនហើយនោះ ក៏ធ្លាក់ដល់​រឿងរបស់ទណ្ឌិត សេង ចិន្តា ភរិយាវ័យក្មេងរបស់ឧកញ៉ាខូវ ជឺលី ដែលជាឧកញ៉ា​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភមួយរូប​នៅកម្ពុជា។ អ្នកស្រី សេង ចិន្តា ត្រូវបានតុលាការ​កម្ពុជាផ្តន្ទា ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទប៉ុនប៉ងរំលោភ និងសម្លាប់ ភរិយា និង កូនស្រី របស់លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន។

សំណុំរឿងឃាតកម្មនេះ ជាសំណុំរឿង​ឃាតកម្ម​ដ៏កក្រើកមួយ​ក្នុងត្រកូល​អភិជន​ល្បាញល្បីនៅកម្ពុជា។ ក្រោយតុលាការ​បិទបញ្ចប់បណ្តឹង​តវ៉ា​ទៅហើយនោះ ឧកញ៉ា ខូវ ជឺលី ព្រោះតែ​ការស្រឡាញ់​ងុបងុល​ភរិយាក្មេង​របស់ខ្លួន​តែងតែ​ព្យាយាម​រកគ្រប់មធ្យោបាយ និង ចាយលុយមិនស្តាយ ដើម្បីជួយភរិយា​វ័យក្មេងរបស់ខ្លួន​រួចពីពន្ធនាគារ។ តែដោយសារជនរងគ្រោះ​ជាមន្រ្តីជាន់ខ្ពស់មួយរូប​របស់រាជរដ្ឋាភិបាល និងមានការស្រឡាញ់​ចូលចិត្ត​ច្រើនពី​ប្រជាពលរដ្ឋ​ផងនោះ ជាហេតុធ្វើឲ្យ​ក្រុមអ្នករកស៊ី​ជួញរឿងក្តី​មិនហ៊ានលូកដៃ​លើរឿងក្តីនេះឡើយ។

បើទោះបីការស្វែង​រក​អន្តរាគមន៍ទទួល បរាជ័យច្រើន​លើកច្រើសារ​យ៉ាងណាក្តី តែការចិញ្ចឹម​ចិត្តជម្លៀសភរិយា​របស់ខ្លួនពីពន្ធនាគារ​មិនបានបិទ​បញ្ចប់នោះឡើយ។ បើតាមការទម្លាយពី​មន្រ្តីពន្ធនាគារ​បានលួចខ្សឹបថា នៅពេលថ្មីនេះ អ្នកស្រី សេង ច័ន្ទដា តែងតែ​លួចចេញចូល​ក្នុងពន្ធនាគារ​ដូចផ្ទះរបស់ខ្លួន ដោយគ្មាន​នរណា​ដឹងនោះឡើយ ព្រោះមាន​ការជួយរៀបចំ​យ៉ាងស្ងៀមស្ងាត់​បំផុតពីមន្រ្តី​ជាន់ខ្ពស់​របស់ពន្ធនាគារ។

មន្រ្តីពន្ធនាគារ​ដដែល​បន្តបង្ហើបថា ការចេញ​ចូលរបស់អ្នកស្រី សេង ច័ន្ទដា គឺកំពុងរត់ការធ្វើ​បែបបទរត់គេចខ្លួន​ចេញទៅក្រៅប្រទេស​ថែមទៀតផង។

បើតាមមន្រ្តីពន្ធនាគាររូបនេះ ក្រៅពីករណីអ្នកស្រី សេង ច័ន្ធដា នៅមានករណីទណ្ឌិតជាច្រើន​រូបផ្សេងទៀត ដែលជាអ្នកមាន​លុយច្រើន ការរស់នៅរបស់ពួកគេ​ប្រៀបដូចជាមិនមែន​ជាអ្នកទោស ដែលចូលទៅអប់រំកែខ្លួននោះឡើយ។ ពួកនៅតែមានឱកាសរស់នៅដូចក្នុងជីវ ភាពធម្មតា អាចធ្វើអ្វីតាមតម្រូវការរបស់ពួកគេ ហើយក៏អាចចេញចូលពន្ធនាគារដូចផ្ទះសម្បែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា ពីភាពធូរលុង និងភាពមិនប្រក្រតី​របស់ពន្ធនាគារ ពាក់ព័ន្ធនឹង​ការដោះលែង ទណ្ឌិតជាចោរប្លន់ និងជាអ្នកញៀនថ្នាំជាដើម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុខចោរប្លន់ និងក្រុមញៀនថ្នាំហាក់មានមុខដដែលៗ រហូតសម្តេចទាមទារ ឲ្យមានការពិនិត្យ​ឲ្យបានហ្មត់ចត់​មុននឹងមាន​ការស្នើសុំឲ្យមាន​ព្រះរាជទាន​ លើកលែងទោសពី​ព្រះមហាក្សត្រ ទៅលើទណ្ឌិត​ជាចោរប្លន់ ឬជាអ្នកប្រើប្រាស់ ជួញដូរ​គ្រឿងញៀន។

ពន្ធនាគារ ក៏ធ្លាប់មានរបាយការណ៍ផងដែរ អំពីការអនុវត្តស្តង់ដារពីរ ពោលទណ្ឌិត​មានសម្បត្តិស្តុកស្តម្ភ​សម្រាប់ផ្តល់ឲ្យមន្ត្រីពន្ធនាគារ ទទួលបានការអនុគ្រោះច្រើន ខណៈទណ្ឌិត​គ្មានទ្រព្យសម្បត្តិវិញ គ្មានការយកចិត្ត​ទុកដាក់នោះឡើយ​ទៅការរស់នៅ ក៏ដូចជាបញ្ហាសុខភាព។

ប្រសិនបើអ្វីៗដូចមន្រ្តី​ពន្ធនាគារបាន​លួចបង្ហើបមែននោះ លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គួរតែពិនិត្យ និងកែលំអរលើចំណុចទាំងអស់នេះ។ ពន្ធនាគារ ជាកន្លែង​សម្រាប់អប់រំ​កែប្រែមនុស្ស​ប្រព្រឹត្ត​ខុសនិងច្បាប់ ហើយអនុវត្តន៍ទោសស្មើៗគ្នា ដោយគ្មាន​ការកំណត់​អ្នកមាន ឬ អ្នកក្រនោះឡើយ។

បើពន្ធនាគារ​នៅតែអនុវត្តន៍​ទោសទណ្ឌមិនស្មើភាព និងមាន​ការអធ្យាស្រ័យ​ខ្ពស់សម្រាប់អ្នក​មានធនធានបែបនេះ វាពិតជាអយុត្តិធម៌​ពេកណាស់​សម្រាប់ជនរងគ្រោះ រួមទាំងក្រុមគ្រួសារ​របស់លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរ៕