(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺជាខួបទី៣៨ឆ្នាំនៃថ្ងៃកំណើត៧មករា ក៏មានជនប្រឆាំង​ជ្រុលនិយម​មួយចំនួន​បានរិះគន់​ចំពោះថ្ងៃរំដោះជាតិ ពីរបបអាវខ្មៅនេះ ជុំវិញបញ្ហារិះគន់នេះត្រូវបានលោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញទស្សនៈរបស់លោកនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះថា «អ្នកប្រឆាំងថ្ងៃ៧មករា ហើយចាត់ទុកថ្ងៃនេះគឺជាថ្ងៃវៀតណាមឈ្លានពាននោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ទៅដល់វិញ្ញាណក្ខន្ធ ប្រជាជនខ្មែរ ជាង៣លាននាក់ ដែលត្រូវខ្មែរក្រហមសម្លាប់ក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងបានចាត់ទុកជីវិតអ្នកដែលត្រូវបានរំដោះទាន់ពេល ពីរបបប៉ុលពតគ្មានតម្លៃហើយ អន់ជាងជីវិតសត្វធាតុទៅទៀត។

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក ជុំ កុសល បានរៀបរាប់យ៉ាងដូច្នេះថា៖ «៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា ចាត់ទុកជាថ្ងៃកំនើតទី២ ដែលផ្តល់ឲ្យ​ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបានការចូលរួមពីកងទ័ព ស្ម័គ្រចិត្តវៀតណាម។ តើអ្នកប្រឆាំងថ្ងៃ៧មករា ពួកគេហ៊ានឆ្លើយទេ នៅពេលដែល​មានសំនួរសួរថា ប្រសិនបើគ្មានការចូលរួមជួយពីសំណាក់កងទ័ពវៀតណាម, គ្មានថ្ងៃ៧មករា តើប្រជាជនកម្ពុជានឹងត្រូវខ្មែរក្រហមសម្លាប់ អស់ប៉ុន្មាន​រយពាន់ម៉ឺននាក់ទៀត ? ហើយក្នុងកាលៈទេសៈនោះ ប្រសិនបើមិនទៅពឹងពាក់កងទ័ព វៀតណាមទេតើត្រូវទៅពឹងពាក់អ្នកណា ? ហើយប្រសិនបើគេវិញ តើគេត្រូវធ្វើយ៉ាងណាដើម្បីរំដោះជីវិតពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ប៉ុលពតបាន?»។ នេះជាសំនួរដែលត្រូវការចម្លើយពីអ្នកប្រឆាំងថ្ងៃ៧មករា។  

ខ្ញុំពិតជាមានការសោកស្តាយបំផុត នៅពេលដែលឃើញមនុស្សខ្មែរមួយចំនួនព្រោះតែជ្រួតជ្រាប នូវមនោគមវិជ្ជានយោបាយ ជ្រុលនិយមហួសហេតុពេក ពួកគេសុខចិត្ត ធ្មេចភ្នែក ក្បត់សច្ចធម៌ប្រវត្តិសាស្ត្រ ហើយបែរមកកាឡៃ ក្នុងចេតនាដើម្បីបញ្ឆេះកំហឹងឲ្យស្អប់វៀតណាមទៅវិញ។

ប្រជាពលរដ្ឋកម្ពុជាដែលនៅរស់រាន មានជីវិតដោយសារថ្ងៃ៧ មករា តាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះនៅមិនទាន់ស្លាប់អស់នៅឡើយទេ ពួកគាត់អាចផ្តល់សក្ខីកម្មបាន។ ចូរសាកសួរទៅពួកគាត់ ទាំងនោះទៅមើលថា តើក្នុងពេលនោះពួកគាត់បន់ស្រន់យ៉ាងម៉េចខ្លះ? ពួកគាត់ពិតជានៅមិនទាន់ភ្លេចនូវប្រយោគ ដែលពួកគាត់ធ្លាប់បាន​លួចបន់ស្រន់នៅឡើយទេ។

ដូច្នេះសូមអ្នកដែលប្រឆាំងថ្ងៃ៧ មករា ល្មមទទួលស្គាល់នូវសច្ចភាពនៃប្រវត្តិសាស្ត្រ ប្រទេសរបស់ខ្លួន ហើយៗត្រូវខមាទោស សុំអភ័យទោសចំពោះ វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយរបបខ្មែរក្រហមទៅ ដើម្បីគេចផុតពីបណ្តាសារដែលកើតចេញពីការប្រមាថរបស់អស់លោក។

ទន្ទឹមនេះក៍សមល្មមប្រើខួរក្បាលរបស់ខ្លួន ក្នុងការពិចារណាអំពីស្ថានភាពជាក់ស្តែង នៃភាពទុក្ខសោកវេទនា និងភាពចង់រស់របស់ប្រជាជននាពេលនោះផង។ ប្រសិន បើតាមអស់លោកដែលប្រឆាំងជាមួយថ្ងៃ៧មករា ប្រឆាំងវត្តមានកងទ័ពវៀតណាម ប្រាកដជាគ្មានសមត្ថភាពមករំដោះប្រជាជនខ្មែរឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍​ប៉ុលពតឡើយ ហើយជាតិខ្មែរក៍គ្មានវាសនាបានមកដល់ពេលនេះដែរ៕