(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល​៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានអ្នកជំងឺជិត៧ពាន់នាក់ បានចូល និងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ ​​មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២៧៧នាក់, ​អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាក់ព្យាបាល ៣៩៤នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៣៥នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១៤៤ភាគរយ, អ្នកជំងឺក្រីក្រត្រូវ​បានអនុញ្ញាត សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប៤៦នាក់, ការព្យាបាលដោយចលនា៣១៩នាក់, កុមារបានទទួលថ្នាំបង្ការ៦៩០នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់២៣នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៤៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២០៤នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច​១៤៤នាក់, ពិនិត្យវិភាគដោយអេកូ ១០៤នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,៣៩៧នាក់។

មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ១,០៤១នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។

បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ ​​បានបញ្ជូនមន្ដ្រី៥រូប ទៅចូលរួមសិក្ខាសាលា និងបណ្ដុះបណ្ដាលអំពីជំងឺគ្រុនឈាម នៅខេត្តរតនគិរី និងបញ្ជូនមន្ដ្រី៧រូប ទៅចូលរួមសិក្ខាសាលាអំពីជំងឺ ILI-Surveillance នៅខេត្តស្វាយរៀង៕​