(សៀមរាប)៖ អាជ្ញាធរក្រុងសៀមរាប គឺលោក ស៊ូ ប្លាតុង អភិបាលក្រុង បានបញ្ជាឱ្យលោក សោម សម្បត្តិ អភិបាលរងក្រុង និងលោក ​ស៊ាន គឹមឋាន នាយករងរដ្ឋបាល​សាលាក្រុង ដឹកនាំក្រុមការងារក្រោមឱវាទចុះរុះរើ ទូរលក់គ្រឿងអលង្ការ នៅផ្សារលើធំថ្មី (ក្រុងសៀមរាប) ជួរសំគាល់ A9 ដែលមានតូបលេខ ៣៥A និង ៣៦A ជាកម្មសិទ្ធរបស់ឈ្មោះ តាំង សុបួយ ប្រជាពលរដ្ឋ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នៅវេលាម៉ោង ០៦៖៤០នាទី ព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។

តូបខាងលើនេះត្រូវបានម្ចាស់ឈ្មោះ តាំង សុបុយ ស្នើរសុំទៅសាលាក្រុង រយៈពេលជិតមួយឆ្នាំ ទើបចេញលិខិតអនុញ្ញាតិ លេខ៧៦៨/១៦ ក្រសរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ដោយផ្ទាល់ដើម្បីឱ្យដំណើរការរកស៊ីដូចគេឯង ដែលក្នុងនោះក៏មាន ហត្ថលេខា​ទទួលស្គាល់ពី លោក ស៊ាង ណារ៉េន ប្រធានគណៈកម្មការប្រតិបត្តិសមាគមអាជីវករសំណង់ផ្សារលើធំថ្មី លើលិខិតលេខ០០១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ផងដែរ។

លោកស្រី តាំង សុបួយ ម្ចាស់តូបខាងលើរៀបរាប់ឱ្យដឹងថា៖ ក្រោយពីលោក សូ ប្លាតុង អភិបាលក្រុងសៀមរាប បានចេញលិខិតអនុញ្ញាតឱ្យលក់ដូរបានរយៈពេល ជាងមួយខែ សាលាក្រុងសៀមរាប បានចេញលិខិតមោឃៈមួយទៀត បដិសេធលិខិតអនុញ្ញាតិខាងលើ នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃ​សម្រាកការងារ។  លោកស្រីបានបន្តថា អ្វីដែលលោកស្រីត្រូវការនោះ គឺគាត់សុំការអនុញ្ញាតបានរកស៊ីដូចគេឯង ហេតុអីបានជាអាជ្ញាធរក្រុងអនុញ្ញាតហើយ  ត្រឡប់កែប្រែ ហាមឃាត់តែតូបគាត់។

លោកស្រីបានបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ លោក សោម សម្បត្តិ អភិបាលរងក្រុង និងលោក ​ស៊ាន គឹមឋាន បានចុះរឹបអូសយក ទូរលក់គ្រឿងអលង្ការមួយគ្រឿង មិនទាន់ដោះស្រាយផង ឥឡូវនេះ (ថ្ងៃទី០១ មករា ២០១៧) មករឹបអូសទូរយកមួយទៀតជាលើកទី២។

លោកស្រីបានបញ្ជាក់ទៀតថា៖ ក្រោយពីអភិបាលក្រុងបានចេញលិខិតបដិសេធនោះ លោកស្រីបានស្កាត់សុំជួបលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ដើម្បីសុំអន្តរាគមន៍ ដោយបានយកឯកសាពាក់ព័ន្ធទាំងអស់បង្ហាញជូន ហើយលោកក៏បានអនុញ្ញាតិឱ្យគាត់ (លោកស្រី តាំង សុបួយ) បន្តការលក់ដូររបស់ខ្លួនជាធម្មតា មិនបានប៉ុន្មានថ្ងៃផង អភិបាលក្រុង បានបញ្ជាឱ្យកូនចៅ មកធ្វើការហាមឃាត់ទៀត។  

ដោយហេតុនេះលោកស្រីមិនអស់ចិត្តបានទូរស័ព្ទទៅលោកអភិបាលខេត្ត ជាថ្មីម្ដងទៀត លោកអភិបាលខេត្ត នៅតែរក្សាចម្លើយដំណោះស្រាយអនុញ្ញាត ឱ្យគាត់លក់ដូរ​គ្រឿងអលង្ការដូចសព្វដងបន្តទៀត តែខាងសាលាក្រុងមិនអនុវត្តតាម។       

លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប បកស្រាយឱ្យដឹងនៅវេលាម៉ោង០៧៖១៣នាទីព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៧ នេះដែរថា៖  សាលាក្រុងធ្វើតាមច្បាប់ បើមានបទល្មើសជាក់ស្តែង ត្រូវតែរឹបអូសធ្វើកំណត់ហេតុតែម្តង មិនថា វេលាណាថ្ងៃណាឡើយ គឺសាលាក្រុងធ្វើការ ២៤ម៉ោង ។  លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ៖ ម្ចាស់តូបធ្វើការផ្លាស់ប្តូរទូរ មិនបានប្រាប់អាជ្ញាធរក្រុងជាមុន ហើយតូបមានទំនាស់ ខាងសាលាក្រុង កំពុងធ្វើការដោះស្រាយ​ជូនគាត់។ សម្រាប់ករណីនេះ គឺមានក្រុម​អាជីវករផ្សារលើធំថ្មី បាននិយាយរិះគន់ ជាមួយនឹងចម្ងល់ថា ហេតុអីខាងអាជ្ញាធរក្រុង បានចេញលិខិតអនុញ្ញាតហើយ រួចចេញលិខិតបដិ​សេធទៅវិញ ស្រេចតែអំពើចិត្ត តើធ្វើការរបៀបយ៉ាងម៉េច និងចំថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកទៀតផង អីក៏សកម្មម្ល៉េះ បើសិនជាការធ្វើសកម្មភាពបែបវិជ្ជមាន ដោះស្រាយជូនរាស្រ្ត សកម្មតែបែបនេះ​មិនដឹងល្អយ៉ាងណាទេ តែអារឿងរឹបអូស អត់ចាំស្អែកទេ អត់មានថ្ងៃសម្រាក គឺធ្វើ២៤ម៉ោងតែម្តង៕