(ភ្នំពេញ)៖ នៅពេលផែនការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដែលចេញដោយប្រមុខរាជរដ្ឋាភិបាល ត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលមានរយៈពេល៦ខែ គេសង្កេតឃើញថា កម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តារាជធានី ខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់ និងយ៉ាងខ្លាំង។

ជាក់ស្តែង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ យោងតាមរបាយការណ៍របស់ លេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ស្តីពីការបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញ បានបង្ហាញថា «លទ្ធផលបង្ក្រាបរួមចំនួន២២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨៧នាក់ ស្រី១០នាក់ ចាប់យកគ្រឿងញៀន ប្រភេទក្រាមសថ្លាចំនួន៥៣កញ្ចប់តូច និងធំល្មម១កញ្ចប់»

របាយការណ៍បានបន្តថា ករណីជួញដូរគ្រឿងញៀន៨ករណី ឃាត់ខ្លួន៣៨នាក់, ករណី ប្រើប្រាស់គ្រឿងញៀន១២ករណី ឃាត់ខ្លួន៤៥នាក់, ករណីរក្សាទុក គ្រឿងញៀន១ករណី ឃាត់ខ្លួន១នាក់ និងករណីផ្តល់ទីតាំងឱ្យប្រើប្រាស់១ករណី ឃាត់ខ្លួន៣នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន៕