(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវគោលការណ៍សីលធម៌ចំនួន១០ចំណុច សម្រាប់អ្នកបើកបរ អនុវត្តន៍ក្នុងឆ្នាំ២០១៧ អនុវត្តន៍ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាព។

ការប្រកាសដាក់ចេញ នូវសីលធម៌ទាំង១០ចំណុ​ចនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៧ និងទិសដៅការងារ​ឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

សីលធម៌ទាំង១០ចំណុច សម្រាប់អ្នកបើកបរ ឆ្នាំ២០១៧ ដែលប្រកាសដោយ សម្តេចក្រឡាហោម ស ខេង រួមមាន៖

* ពេលបើកបរមិនត្រូវ

១៖ មិនលើសល្បឿនកំណត់ជាដាច់ខាត។
២៖ មិនសេពគ្រឿងស្រវឹងជាដាច់ខាត។
៣៖ មិនសេពគ្រឿងញៀនដាច់ខាត។
៤៖ មិនស្ថិតនៅក្នុងស្ថានភាពងងុយដេកដាច់ខាត។

* ពេលបើកបរត្រូវ

៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច។
៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៧៖ ត្រូវប្រកាន់ស្តាំជានិច្ច។
៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច។
៩៖ ត្រូវចេះបើកបរជាដាច់ខាត។
១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១៦ បានខិតខំអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រហូតទទួលបានលទ្ធផលជាវិជ្ជមាន គួរឲ្យកត់សម្គាល់ដោយ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានមួយកម្រិតធំ។ លើសពីនេះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ជាប្រធាន បានទទួលនូវពាន់រង្វាន់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកអន្តរជាតិ ព្រះអង្គម្ចាស់ ម៉ៃឃើល ឆ្នាំ២០១៦ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសផងដែរ៕