(ភ្នំពេញ)៖  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅឆ្នាំ២០១៦កន្លងទៅនេះ ខ្លួនបានអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមមូលដ្ឋាន​ដល់គ្រូបង្រៀន សិស្ស មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសបាន ២,៤៥៩លើក មានអ្នកចូលរួមជាង ១លាននាក់ (១,២៧៩,៧៥៥នាក់)។

របាយការណ៍ ដែលបាន​បង្ហាញ​ក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការងារអប់រំ ផ្សព្វផ្សាយ គណៈកម្មាធិការបានចែកឯកសារជំនួយស្មារតីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីចំនួន ៤៥,៤០៧ច្បាប់ ច្បាប់ចរាចរណ៍ផ្លូវគោក ១៦,៧២៨ក្បាល អនុក្រឹត្យនិងខិត្តបណ្ណសុវត្ថិភាពចរាចរណ៍ ១៣៣,៧៤៤ច្បាប់ បិទចំណាំងផ្លាត ២,៧១១,៣៣៤សន្លឹក និង មួកសុវត្ថិភាព ១២,៩៣១មួក (ក្នុងនោះស្រុកស្អាង ខេត្តកណ្ដាល ចំនួន ៧៨៥មួក)។

គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានអប់រំផ្សព្វផ្សាយច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី ដល់អ្នកសារព័ត៌មាន ១២០នាក់, ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ ២៧ក្រុមហ៊ុន ដែលគ្រប់គ្រងរថយន្ដចំនួន ៨៣១គ្រឿង។

បន្ថែមពីលើនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន៤លើក នៅសាកលវិទ្យាល័យវេជ្ជសាស្ដ្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង រាជបណ្ឌិត្យសភាពកម្ពុជា និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ៕