(ភ្នំពេញ)៖ គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០១៦​កន្លងទៅនេះ មានយានយន្តល្មើស​ច្បាប់ ​៨៦២,៦៩១គ្រឿង ត្រូវបាន​ផាកពិន័យ ក្នុងនោះម៉ូតូចំនួន៦៨%។ ប្រាក់ផាកពិន័យ​សរុប​ចំនួនជាង ២ម៉ឺនលានរៀល ( ២០,៤៩៦,១៩៥,០០០រៀល)។

របាយការណ៍នេះ​ត្រូវបានបង្ហាញក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលការងារ​ឆ្នាំ២០១៦ និងលើកទិសដៅ​ឆ្នាំ២០១៧ របស់គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលធ្វើឡើង​នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការ ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

ក្នុងរបាយការណ៍របស់​គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍ ​ផ្លូវគោក​បានបន្ថែមថា មានយានយន្តសរុប​ចំនួន ៥២៥,៧៦៤គ្រឿង (រថយន្ត៦០,៧៩៤គ្រឿង ម៉ូតូ​៤៦៤,៩៧០គ្រឿង) បានចុះបញ្ជី និងផ្ដល់បណ្ណបើកបរសរុប ១៥១,៧៦១បណ្ណ។ ការត្រួតពិនិត្យលក្ខណៈបច្ចេសទេសយានយន្តបាន ៣៨១,៣៥៩ គ្រឿង និងផ្ដល់បណ្ណ​អាជីវកម្ម ៦២,៥០៤គ្រឿង។ ដោយឡែក​ការចុះបញ្ជី​ផ្ដល់ស្លាកលេខ​រថយន្ត​ចង្អូតស្ដាំ​បានចំនួន​៧,០៥៥គ្រឿង។

ក្នុងរបាយការណ៍​ដដែលបាន​បញ្ជាក់​បន្ថែមទៀតថា ការចុះត្រួតពិនិត្យយានដ្ឋានទូទាំងប្រទេសបានចំនួន ៣,២៦៦ យានដ្ឋាន រកឃើញយានដ្ឋាន​មានច្បាប់ចំនួន១,៤៥៥ យានដ្ឋាន និងគ្នានច្បាប់អនុញ្ញាត ១,៨៤៤យានដ្ឋាន។ យានដ្ឋានកែច្នៃ ១៧៩យានដ្ឋាន បានធ្វើកិច្ចសន្យាឲ្យសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្មពីសមត្ថកិច្ច និង បញ្ឍប់ការ​កែច្នៃដំឡើង​យានយន្តខុស​លក្ខណៈបច្ចេសទេស៕