(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថជំនាញ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកងរាជអាវុធហត្ថស្រុកមុខកំពូល និងអាវុធហត្ថស្រុកខ្សាច់កណ្ដាល បានបន្តប្រតិបត្តិការចាប់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ៥កញ្ចប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្ដ្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ឆោម ដារា អាយុ២៦ឆ្នាំ ដោយដកហូតបានថ្នាំញៀនម៉ាទឹកកក២កញ្ចប់ និងសម្ភារមួយចំនួនទៀត។
ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យ កម្លាំងអាវុធហត្ថ បន្ដឆែកឆេរផ្ទះប្រពន្ធជនសង្ស័យ ដែលស្ថិតនៅភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងរកឃើញថ្នាំញៀន៣កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

សូមបញ្ជាក់ថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត ក្រោមការដឹកនាំ​បញ្ជារបស់​លោកឧត្តម​សេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ តាស់តឿន​ក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថជំនាញ កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ដ៕