(ភ្នំពេញ)៖ យុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ដែលត្រូវអនុវត្តនៅដើមខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមហើយ ដោយគេសង្កេតឃើញថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាច្រើននាក់ ព្រមទាំងយកមកបង្ហាញមុខនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ មុនបញ្ជូនទៅកាត់ទោសនៅតុលាការ។

ជាក់ស្តែងនៅព្រឹកថ្ងៃនេះ នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ បានបង្ហាញមុខក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៧០នាក់ ព្រមទាំងថ្នាំញៀនជិត៨០កញ្ចប់ និងសម្ភារមួយចំនួនទៀត ក្រោយពេលបង្ក្រាបបានជាបន្តបន្ទាប់ នៅតាមបណ្តាខណ្ឌនាប៉ុន្មានថ្ងៃមកនេះ។

លោក អីុវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងស្នងការរងទទួលផែន លោកឧត្តមសេនីយ៍ត្រី ព្រំុ សន្ធរ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ បានចាប់ផ្តើមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងយកមកបង្ហាញមុខនៅថ្ងៃនេះ ចំនួន៧០នាក់ (១០ខណ្ឌ) ព្រមទាំងថ្នាំ៧៨កញ្ចប់។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ នឹងមានកិច្ចប្រជុំមួយទៀត ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ស្តីពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស មុនបញ្ចេញប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ។

លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា លោក និងការិយាល័យទី៥ ត្រូវបានថ្នាក់លើ បែងចែកភារកិច្ច ឲ្យទទួលបន្ទុកលើការបង្ក្រាបគ្រឿងញៀន នៅខេត្តចំនួន៣ រួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ។

ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមចែកចាយគ្រឿងញៀនចំនួន១១នាក់ ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនសង្ស័យទាំង១១នាក់ កម្លាំងនគបាលរបស់លោក បានដកហូតក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់០១ចំនួន។

ជាមួយគ្នានោះ លោក យឹម សារ៉ាន់ ​បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងជនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងអស់ ព្រមទាំងសហគ្រាសដែលមានបុគ្គលិក ដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ត្រូវ​​សហការ និងចូលរួមជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ ក៏ដូចជាបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ជាបន្ទាន់ មុនពេលសមត្ថកិច្ចអនុវត្តនូវវិធានការក្ដៅ។

ជាមួយគ្នានេះ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ មានស្រី២នាក់ នៅសង្កាត់ផ្សារថ្មីទី៣។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕