(មណ្ឌលគិរី)៖ រថយន្តបង្កងដឹកឈើពេញៗ នៅស្រុកកោះញែកត្រូវបាន ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី លោក ឡុង ហុកម៉េង បញ្ជាឲ្យលោក យិន ចន្ទី មេបញ្ជាការយោធាវរៈ ព្រំដែនគោកលេខ១០៣ ស្ទាក់ចាប់គ្រាដែលរថយន្ត ដឹកឈើទាំងនេះ កំពុងសំដៅយកទៅដាក់នៅឃ្លាំង យ៉ូនីគ្រីនចំណុចក្បែរជើងភ្នំក្រោល ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ដលគីរី នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ។

លោក ឡុង ហុកម៉េង ព្រះរាជអជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថា បន្ទាប់ពី មានសេចក្តីរាយការណ៍ចេញពីស្រុកកោះញែក ស្តីពីមានរថយន្តកំពុងធ្វើការដឹកឈើខុសច្បាប់ ពេលនោះលោកក៏បានបញ្ជា ទៅលោកមេបញ្ជាការវរៈខាងលើ ធ្វើការឃាត់បានរថយន្ត ម៉ាកបង្កុងដឹកឈើគគី ភ្លាមៗចំនួន ២គ្រឿង នៅវេលាម៉ោង៨យប់ថ្ងៃទី១ មករាឆ្នាំ២០១៧នេះតែម្តង។

លោក យិន ចន្ទី បានបញ្ជាក់ថា សម្រាប់រថយន្តដឹកឈើទាំង២គ្រឿងនេះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកោះញែក ដើម្បីចាត់ការបន្តទៀត។

តាមសេចក្តីរាយការណ៍ ការដឹកជញ្ជូនឈើទាំងនេះបានដំណើរការទៅរួចដោយសារ តែកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនធ្វើការបង្ក្រាប រហូតលោកបញ្ជាទៅកម្លាំងយោធាចុះចាប់តែម្តង៕