(ប្រទេសថៃ-ច័ន្ទបុរី)៖ យ៉ាងហោចណាស់ មានពលករខ្មែរ៣នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាលជិត៤០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការបេះផ្លែមៀន ឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបានជួបនឹងករណីគ្រោះថ្នាក់ចរាចរណ៍តែម្តង។

យោងតាមរបាយការណ៍ដែលផ្តល់មកពីប្រទេសថៃ ដល់សមត្ថកិច្ចកម្ពុជាជាប់ព្រំដែន បានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៩៖៣៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ ណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ដែលបង្កដោយរថយន្តប្រភេទដឹកទំនិញកង់១០ ជាមួយនឹងរថយន្តនីសាន់ ដែលដឹកកម្មករខ្មែរចេញពីចំការបេះផ្លែមៀន ឆ្ពោះទៅកាន់ទីតាំងស្នាក់នៅ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមតម្រួតចរាចរណ៍របស់ថៃ បានចេញប្រតិបត្តិការដើម្បីត្រួតពិនិត្យត្រង់ចំណុចទីតាំងកើតហេតុ គឺបានសង្គេតឃើញថា មានកម្មករម្នាក់ត្រូវបានកៀបជាប់នៅក្នុងរថយន្ត និងមានពីរនាក់ទៀតបានស្លាប់នៅនឹងកន្លែងកើតហេតុ ព្រមទាំងមានអ្នករងរបួសធ្ងន់ ស្រាល នៅរាយប៉ាយពេញផ្លូវសរុប៣៨នាក់បន្ថែមទៀត។

ភ្លាមៗនោះដែរ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា បានចេញមកជួយដឹកជនរងគ្រោះទាំងអស់ ទៅកាន់មន្ទីរពេទ្យ សយដាវ មន្ទីរពេទ្យ ពោងណាំរ៉ន និងមន្ទីរពេទ្យប្រាក់ប៉ុកខ្លៅ ដើម្បីធ្វើការសង្គ្រោះបឋមសិន ចំណែកអត្តសញ្ញាណរបស់ពលករទាំងនោះ មិនទាន់បានស្គាល់នៅឡើយទេ៕