(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដល់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេសឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងថ្លៃអំណរគុណដល់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចថែរក្សាសន្តិភាព និងថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកម្ពុជា។

នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមឆ្នាំថ្មី ២០១៧នេះ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងលាភសំណាងល្អ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងទ័ពដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាព នៅប្រទេសនានាក្រោមឆ័ត្រ UN ផងដែរ។ សូមបងប្អូនបានកំសាន្តសប្បាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព គ្រប់ទីកន្លែងទាំងអស់។ អរគុណដល់អាជ្ញាធរ សមត្ថកិច្ចទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ថែរក្សា សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋយើង»

សូមជម្រាបថា កាលពីយប់មិញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត មានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីសក្ការៈ មុនិនាថ សីហនុ នៅព្រះរាជដំណាក់ក្រុងព្រះសីហនុ៕