(ភ្នំពេញ)៖ ក្នុងគោលដៅទាក់ទាញទេសចរ ចិន និងកម្ពុជា ប្រទេសទាំងពីរ បានបន្ថែមជើងហោះហើរត្រង់មួយទៀតគឺ ភ្នំពេញ និងសៀមរាប ទៅទីក្រុងសាន់យ៉ា កោះហៃណាន ប្រទេសចិន ដែរបានបើកសម្ពោធជើងហោះហើរត្រង់ មានរយៈពេលជិត៤ម៉ោង បានកើតឡើងស្របពេលនឹងពិធីបុណ្យចូលឆ្នាំសាកល២០១៧នេះ។

យន្តហោះ បូអ៊ីង ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ហៃណានអ៊ែរឡាញ(Hainan Airlines) ក្នុងទិសដៅពីទីក្រុងសាន់យ៉ា ខេត្តហៃណាន មករាជធានីភ្នំពេញ បានចុះចតក្នុងជើងហោះហើរ លើកដំបូងរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម៉ោងជាង១០យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយភ្ញៀវទេសចរចិន ដែលមកដល់ភ្នំពេញតាមជើងយន្តហោះដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ហៃណានអ៊ែរឡាញ មានចំនួន១៥៥នាក់ ខណៈទេសចរជនជាតិខ្មែរចំនួន១៦២នាក់ បានចេញដំណើរទៅកោះហៃណាន នាយប់ថ្ងៃដដែល តាមជើងយន្តហោះដូចគ្នានេះ។

លោកស្រី ប៉ូតាន់ ហ្វឹង(Bo Dan Feng) អ្នកដឹកនាំក្រុមទេសចរចិន មកពីហៃណាន បានឱ្យដឹងថា ជើងហោះហើរត្រង់កម្ពុជា-ហៃណាន នេះមានសារៈសំខាន់ និងផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋប្រទេសទាំងពីរ ជាពិសេស អនុញ្ញាតឱ្យអ្នកទេសចរចិន បានមកទស្សនាកម្ពុជា ដែលមានប្រាសាទអង្គរវត្តដ៍ល្បីល្បាញ ហើយទេសចរចិន ដែលបានមកដល់ភ្នំពេញ ក្នុងជើងហោះហើរត្រង់លើកដំបូងនេះ មានចំនួន១៥៥នាក់ ដែលពួកគាត់នឹងបន្តដំណើរទៅលេងខេត្តសៀមរាបបន្ទាប់ពីស្នាក់នៅភ្នំពេញ។

លោកស្រី បានឱ្យដឹងថាតាមរយៈជើងហោះហើរត្រង់នេះ នឹងមានទេសចរចិន មកកម្ពុជាប្រមាណជាង១៨០០នាក់ ក្នុងរយៈពេលមួយខែដំបូង។ ប្រជាជនចិនមានការចាប់អារម្មណ៍ច្រើន ចំពោះកម្ពុជា គ្រាន់តែក្នុងរយៈពេល៣ថ្ងៃ គាត់ប្រមូលបានទេសចរជាង១៥០នាក់។

លោក តាំង កក់ អគ្គនាយកក្រុមហ៊ុនទេសចរណ៍ស៊ីអេច វើលត្រាវែល(C.H World Travel CO.,) ដែលបានអញ្ជើញមកស្វាគមការមកដល់នៃភ្ញៀវទេសចរចិននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមានប្រសាសន៍ថា «ការហោះត្រង់នេះ ក្នុងមួយសប្ហាហ៍មាន៣ដង គឺថ្ងៃច័ន្ទ ពុធ សុក្រ។នៅថ្ងៃពុធ ជើងហោះហើរនឹងចុះចតនៅអាកាសយានដ្ឋានខេត្តសៀមរាប ចំណែកពីរជើងទៀតចុះចតនៅភ្នំពេញ»

លោក បានរំលឹកឡើងវិញថា មុនឈានដល់ការហោះត្រង់នេះ ប្រទេសទាំងពីរ មានការចរចាជជែក គ្នាតាំងពីមួយឆ្នាំមុនម៉្លេះហើេយ កាលពី៣ខែមុន ក្រុមហ៊ុនអាកាសចរណ៍ហៃណាន បានចុះកិច្ចព្រមព្រៀង សហការលើវិស័យទេសចរ ជាមួយកម្ពុជា ដើម្បីបង្កើតការហោះហើរត្រង់សម្រាប់ជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ។ លោកបានឱ្យដឹងថា កោះហៃណានជាខេត្តមួយមានការអភិវឌ្ឍខ្លាំង មានតំបន់ទេសចរណ៍ជាច្រើន មានតំបន់ឆ្នេរស្អាតៗ មានតំបន់ធម្មជាតិ មានព្រះវិហារគួនអ៊ីម និងទីតាំងទេសចរណ៍មានទេសភាពស្អាតៗជាច្រើនទៀត៕