(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានផ្តល់កម្លាំងចិត្តដល់រូបលោក និងមន្រ្តីរបស់រាជរដ្ឋាភិបាល។ លោកថា សមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់មិនអាចកើតមានឡើយ បើគ្មានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋទេនោះ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងតាមទំព័រ Facebook របស់ក្រសួងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្មានម៉ោងមុនការឆ្លង ចូលឆ្នាំថ្មីថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹកចិត្ត ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រទេសជាតិ ជាទីស្រឡាញ់របស់យើង។ យើងខ្ញុំពិតជា មិនអាចសម្រេចបាននូវសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលដ៏ខ្លីដោយគ្មាន ការយកចិត្តទុកដាក់ពីសំណាក់ បងប្អូនប្រជាពលរដ្ឋឡើយ»

ជាមួយនិងការជូនពរដល់ប្រជាពលរដ្ឋទូទាំងប្រទេសហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានប្រកាសប្តេជ្ញា បំបេញការងារឲ្យកាន់តែសកម្មថែមទៀត ដើម្បីសម្រេចការងារថ្មីៗជូនប្រទេសជាតិ និងប្រជាជន។

លោកទេសរដ្ឋមន្រ្តី បានប្តេជ្ញាដូច្នេះ «សម្រាប់ឆ្នាំ២០១៧នេះ ខ្ញុំសូមប្តេជ្ញាចិត្ត ក្នុងការបំពេញការងារឲ្យកាន់តែសកម្ម ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអនាគតប្រទេសជាតិជាទីស្រឡាញ់នៃយើង ហើយខ្ញុំសូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារ ឲ្យទទួលបាន សេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរណ៍ និងវិបុលភាព កុំបីឃ្លៀងឃ្លាតឡើយ»