(ភ្នំពេញ)៖ ដោយសង្កេតឃើញ កំណើនការធ្វើចរាចរណ៍មានភាពមមាញឹក​ខ្លាំង ព្រោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្ត នៅទីរមណីយដ្ឋាននានា នាឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញឲ្យនគរបាលចរាចរណ៍ទូទាំង ២៥ រាជធានី ខេត្ត រឹតបន្តឹងបន្ថែមទៀត ចំពោះការ​បើកបរល្មើសល្បឿនកំណត់ និងបើការកបរក្នុងស្ថានភាពស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ឯកសូមអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។ ករណី ត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ក្នុងពេលបើកបរ នគរបាលចរាចរណ៍នឹងធ្វើការពិន័យអន្តរការណ៍តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងឬកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក៕