(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានព័ត៌មានលេចឭថា មានកម្មករផ្ទុកមេរោគអេដស៍ម្នាក់ ដែលធ្វើការនៅក្នុងរោងចក្រផលិតអាហារកំប៉ុង បានមុតដៃធ្វើឲ្យឈាមដែលមានផ្ទុកមេរោគអេដស៍នោះ ហូរចូលទៅក្នុងអាងស្ទុកអាហារ ហើយនៅតាមបណ្ដាញសង្គមព័ត៌មាន Facebook ចែកចាយតៗគ្នាថា មិនត្រូវបរិភោគអាហារកំប៉ុងមកពីប្រទេសថៃនោះទេ ព្រោះអាហារទាំងនោះមានផ្ទុកនូវមេរោគអេដស៍។

ឆ្លើយតបនឹងព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកម្ពុជា បានប្រកាសច្រោនចោលទាំងស្រុងនូវព័ត៌មានទាំងអស់នេះ ដោយស្ថានទូតថៃ អះអាងថា ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយ វាមិនពិតដូចដែលបានលើកឡើងថា មានមេរោគអេដស៍នៅក្នុងអាហារកំប៉ុងនោះទេ, នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតថៃ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ស្ថានទូតថៃ បានចាត់ទុកព័ត៌មាននេះថា «ការលើកឡើងដោយមិនសមហេតុផលមួយនេះ ប្រាកដជាធ្វើឡើងដោយជនខិលខូចមួយចំនួនដែលមានបំណង ចង់បង្ខូចក្រុមហ៊ុនដែលផលិត និងនាំចេញផលិតផលថៃ ដូច្នេះស្ថានឯកអគ្គរាជទូតថៃ សូមអំពាវនាវទៅដល់បងប្អូនទាំងអស់ សូមមេត្តាឈប់ធ្វើការចែកចាយបន្ដនូវព័ត៌មានក្លែងក្លាយមួយនេះតទៅទៀត»

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតថៃ ដែលមានខ្លឹមសារទាំងស្រុង៖