(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមការងារចុះជួយស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង បានលើកឡើងថា ការជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអណត្តិទី៤ គឺជាការងារមួយដ៏មានសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការជ្រើសរើស យកតំណាងដែលខ្លួនពេញចិត្ត គឺការជ្រើសរើសដោយខ្លួនឯង និងបោះឆ្នោតដោយខ្លួនឯង ដើម្បីបម្រើការផ្តល់សេវា និងអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន ។

លោក វង សូត បានលើកឡើងបន្តទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោត ដោយសេរី គ្មានអ្នកណាចាប់បង្ខំ ឬជម្រុញការបោះឆ្នោតឲ្យបុគ្គលណាមួយនោះឡើយ គឺប្រជាពលរដ្ឋមានសិទ្ធជ្រើសរើស យកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជម្រុញបម្រើសេវានៅក្នុងមូលដ្ឋានដោយខ្លួនឯង និងការសម្លឹងមើលអំពីជំហានរីក ចម្រើននៃការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ព្រោះប្រសិនមានការជ្រើសរើសខុស នឹងមិនគិតគូដល់ការអភិវឌ្ឍន៍នោះទេ ប្រជាពលរដ្ឋនឹងជួបនូវបញ្ហាជាមិនខាន ។

លោក រដ្ឋមន្រ្តីបានអះអាងបែបនេះ ខណៈលោក និងក្រុមការងារ បានចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០១២-២០១៧ របស់គណៈកម្មាធិការបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

លោក វង សូត បានលើកឡើងថា ពាក់ព័ន្ធនឹងការបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់នេះ គណៈបក្សប្រជាជនគឺ បានយកចិត្តទុកដាក់បំផុត ដើម្បីពន្យល់ ការផ្តល់ជាប្រឹក្សាផ្សេងៗ ក្នុងការអនុវត្តន៍គោលនយោបាយ គឺបានផ្តោតយ៉ាង សំខាន់និងយកចិត្តទុកដាក់បំផុត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជម្រុញផ្តល់សេវានៅក្នុងមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានពិតប្រាកដ។

មានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធីដដែលនេះ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទ ឲ្យខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ ជាពិសេសលើកិច្ចការរៀបចំថ្នាក់ដឹកនាំល្អ ដើម្បីអភិវឌ្ឍន៍តំបន់ ខេត្ត និងប្រទេសជាតិទាំងមូល៕