(ភ្នំពេញ)៖ មុនពេលប្រតិបត្តិការ​បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ នៅទូទាំងប្រទេសមួយថ្ងៃពីកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ មានយុវជនម្នាក់​ កាន់ថ្នាំញៀនមកជាមួយ ដើម្បីមកសារភាពប្រាប់​នគរបាលខណ្ឌពោធិ៍សែនជ័យ ថាខ្លួនបានប្រើប្រាស់គ្រឿងញៀន និងសុំការលើកលែងទោស នូវអ្វីដែលខ្លួនបានប្រព្រឹត្ត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាព Fresh News​ ឲ្យដឹងថា យុវជនដែលកាន់គ្រឿងញៀន ចូលមកសារភាពប្រាប់នគរបាលនេះឈ្មោះ អាត អ៊ីសា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ជាមួយគ្នានោះ លោក យឹម សារ៉ាន់ ​បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងជនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងអស់ ព្រមទាំងសហគ្រាសដែលមានបុគ្គលិក ដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ត្រូវ​​សហការ និងចូលរួមជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ ក៏ដូចជាបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ជាបន្ទាន់ មុនពេលសមត្ថកិច្ចអនុវត្តនូវវិធានការក្ដៅ។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕