(មូស្គូ)៖ ការសម្រេចចិត្តរបស់លោក បារ៉ាក់ អូបាម៉ា ក្នុងការបណ្តេញមន្រ្តីទូតរុស្ស៉ីចំនួន៣៥នាក់ ចេញពីទឹកដីសហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះ​ពាល់ដល់ជីវិតរស់នៅ របស់ជនជាតិរុស្ស៉ីដល់ទៅ៩៦នាក់ ដែលចំនួននេះរួមបញ្ចូលទាំងក្រុមមន្រ្តីទូតផ្ទាល់ និងសមាជិកគ្រួសាររបស់ពួកគេ​ ហើយក្នុងចំណោមនោះមានទាំងក្មេងៗ សិស្សសាលាមត្តេយ្យថែមទៀតផង។

នេះបើតាមលោក Maria Zakharova អ្នកនាំពាក្យក្រសួង​ការ​បរ​ទេស​នៃ​ប្រទេសរុស្ស៉ី ដែលចេញផ្សាយដោយសារព័ត៌មាន
Russia Today នៅយប់ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

វិមានក្រឹមឡាំងបានបញ្ជូនយន្តហោះរដ្ឋាភិបាលចំនួនមួយគ្រឿង ទៅកាន់អាមេរិក ដើម្បីដឹកនាំយកជនជាតិរុស្ស៉ី ដែលត្រូវ រដ្ឋាភិបាលប្រទេស​ មហាអំណាចមួយនោះ បណ្តេញចេញប្រទេសមកមាតុភូមិវិញ ពីព្រោះថាពួកគេបានប្រាប់ថា ការទិញសំបុត្រក្នុងពេលបន្ទាន់បែបនេះ គឺជារឿង​បញ្ហា។

សូមបញ្ជាក់ថា ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្ត​ដាក់​ទណ្ឌ​កម្ម​​ប្រឆាំង​​នឹង​​ទីក្រុង​មូស្គូ តាមរយៈការ​បណ្ដេញមន្ត្រី​ទូតរុស្ស៊ី​៣៥នាក់​ក៏ដូចជាបិទបេសកកម្មការទូត​រុស្ស៊ីចំនួន​ពីរកន្លែងនៅក្នុងញូវយ៉ក និង​រដ្ឋម៉ារីលែន ដើម្បីជាការឆ្លើយ​តប​ទៅ​នឹង​ការជ្រៀ​ត​ជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការ បោះឆ្នោតជ្រើស​រើស​ប្រធា​នា​ធិបអាមេរិក​ កាលពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា​កន្លងទៅ ខណៈប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថានឹងមិនធ្វើដូចទីក្រុងវ៉ាស៊ីនតោន ដោយ​បណ្តេញ​មន្រ្តី​ទូតអាមេរិកចេញពីរុស្ស៉ីវិញ ដើម្បីធ្វើជាការសងសឹក នោះឡើយ៕