(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ដែលមក​ពិនិត្យសុខភាព​ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោករដ្ឋមន្ដ្រីថ្លែងថា នេះជាការងារមួយដ៏ល្អបំផុត ដែលក្រុមគ្រូពេទ្យ​របស់យើង តែងតែចុះជួយពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយកាន់តែបង្កើតភាព​ងាយស្រួល ក្នុងការលើកកម្ពស់​សេវាសុខភាពទូទៅកាន់តែ​កៀកផ្ទះ ប្រជាពលរដ្ឋយើងនៅក្នុងខណ្ឌនេះ។

លោកបន្ដថា «ដូច្នេះថ្ងៃនេះ ប្រជាពលរដ្ឋ អាចមកពិនិត្យជំងឺទូទៅ រួមមាន រោគស្រី្ដ,ទឹកនោមផ្អែម, ភ្នែក, ត្រចៀក, ច្រមុះ, និងជំងឺផ្សេងៗទៀត ហើយក្នុងឱកាស​ឆ្លង​ឆ្នាំ ឬចូលឆ្នាំសាកល២០១៧ខាងមុខនេះ  ក៏សូមជូនពរដល់ប្រជាពលរដ្ឋយើងទាំងអស់ ជួបប្រទះនូវសេចក្ដីសុខចម្រើន ជោគជ័យគ្រប់ភារៈកិច្ច និងសូម​សុខភាពល្អគ្រប់ៗគ្នា»