(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋលក់ឥវ៉ាន់ចាប់ហួយ និងជាប្រភេទបន្ទប់ជួល ដែលត្រូវបានអគ្គិភ័យឆាបឆេះ ស្ថិតនៅតាមផ្លូវ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភា្នក់ងារ Fresh News ដែលកំពុងស្ថិតនៅទីកន្លែងកើតហេតុ បានរាយការណ៍ថា គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញបន្ទប់ជួលជិត១០បន្ទប់។ បើតាមការសន្និដ្ឋានរប​ស់សមត្ថកិច្ច មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីផ្ទុះធុងហ្គាស។

បើតាមសេចក្តីរាយការណ៍ សម្រាប់ការជួយអន្តរាគមន៍ករណីអគ្គិភ័យនេះ កម្លាំងនគរបាលបានប្រើរថយន្តពន្លត់អគ្គិភ័យពី៤ទៅ៥គ្រឿងផងដែរ។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ ក៏បានបណ្តាលឲ្យបុរសជាម្ចាស់ផ្ទះម្នាក់ រងរបួសផងដែរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕