(បាត់ដំបង)៖ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានប្រកាសដាក់ផែនការការងារធំៗ ចំនួន៦ចំណុច ដល់ក្រុមការងារ ស.ស.យ.ក ប្រចាំខេត្តទាំងបី។

លោក ស សុខា ប្រកាសដាក់ផែនការទាំង៦ចំណុច ខាងលើ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំដាក់ទិសដៅសកម្មភាពការងារបន្ត ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមផងដែរ ពីលោក ស រដ្ឋា ប្រធានក្រុម ស.ស.យ.ក ខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមួយចំនួនទៀត។

ផែនការទាំងនោះ រួមមាន៖ ១.ព្រឹត្តិការណ៍សង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ «សង្ក្រាន្តខេត្តខ្ញុំ បាត់ដំបង», ២.ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុនសប្បុរសធម៌ នៅក្នុងខែកុម្ភៈ ដល់ ខែមីនា ឆ្នាំ២០១៧, ៣.ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស.ស.យ.ក ឆ្នាំ២០១៧, ៤.ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស.ស.យ.ក ឆ្នាំ២០១៧, ៥.ប្រគល់ស្លាកស.ស.យ.ក ចំនួន ២,០០០ផ្ទាំង និងប្រគល់សៀវភៅរំលឹកគុណ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកស្រី ចំនួន ៥ក្បាល់, ៦.សន្យាប្រគល់ម៉ូតូចំនួន ១៤គ្រឿង ដល់​ប្រធាន ស.ស.យ.ក ១៤ក្រុង/ស្រុក ក្នុងខេត្តបាត់ដំបង៕