(ភ្នំពេញ)៖ រយៈពេល១២ខែក្នុងឆ្នាំ២០១៦ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សុខ ផល បានបើកប្រតិបត្តិការចាប់ខ្លួនជនបរទេស និងបណ្ដេញចេញពីប្រទេសកម្ពុជា មានចំនួន៣,៣៧៦នាក់ ក្នុងនោះស្រី ៧៣៨នាក់ ស្មើនឹង៦៣សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន បង្កសកម្មភាពប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងរត់គេចមកសំងំលាក់ខ្លួន ពីការតាមចាប់របស់ប្រទេសដទៃ (និវេទក្រហម)។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ការបញ្ជូនជនបរទេសទៅពន្ធនាគារក្នុងឆ្នាំ២០១៦ មានចំនួន ២៨នាក់ ស្រី៤នាក់ មាន៤សញ្ជាតិ ប្រព្រឹត្តបទល្មើស លួចឆ្លងដែនខុស​ច្បាប់​គ្មានលិខិត​ឆ្លងដែន ប្រព្រឹត្តបទល្មើស ក្នុងព្រះរាជាណាចក្រកម្ពុជា និងពាក់ព័ន្ធការកាន់កាប់ឯកសារថតចំលងដោយខុសច្បាប់»

លោកឧត្តមសេនីយ៍ បានបន្តទៀតថា សរុបចំនួនការឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពាក់កណ្តាលឆ្នាំ២០១៤ មានចំនួន១១,៦៦១នាក់ ស្រី១,៩៣៣នាក់ មាន៧២សញ្ជាតិ។  

បើតាមលោក អ៊ុក ហៃសីឡា «បើបៀបធៀបការរអនុវត្តច្បាប់អន្តោប្រវេសន៍ ចំពោះជនបរទេស ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៥ មានការថយចុះ៤០ភាគរយ ដោយសារការលំហូរចូល​របស់ជនបរទេស​អន្តោប្រវេសន៍ ខុសច្បាប់មានការ​ថយចុះគួរឲ្យកត់សំគាល់»៕