(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឱ្យមន្រ្តីតុលាការ និងសមត្ថកិច្ច កុំមានការចោទប្រកាន់គ្នាទៅវិញទៅមករឿង «សមត្ថកិច្ចចាប់ តែតុលាការដោះលែង»។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យតុលាការត្រូវមានហេតុផលច្បាស់លាស់ ចំពោះការដោះលែងអ្នកទោស ឬកាត់ទោសឱ្យឧក្រិដ្ឋជននៅក្នុងកម្រិតស្រាល ខុសធម្មតា។

ការលើកឡើងរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាច្រើន ដែលបានរិះគន់ទៅស្ថាប័នតុលាការថា ដោះលែង ឬដាក់ទោសតិចតួច ទៅលើឧក្រិដ្ឋ ឬជនល្មើស ដែលសមត្ថកិច្ច បានខិតខំស្វែងរកចាប់ខ្លួនយ៉ាងលំបាក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ អំពីយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើសជលផល នៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយយ៉ាងដូច្នេះថា «យើងស្នើឱ្យតុលាការ រួមមានព្រះរាជអាជ្ញា ក៏ដូចជាចៅក្រម ធ្វើយ៉ាងម៉េចធ្វើការងារឱ្យយកចិត្តទុកដាក់ ឱ្យម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ ហើយមានហេតុផលគ្រប់គ្រាន់ក្នុងការបង្ហាញដល់សាធារណមតិ ក៏ដូចជាសមត្ថកិច្ចដែលពាក់ព័ន្ធ អំពីមូលហេតុនៃការសម្រេចរបស់យើងជៀសវាងមានការចោទថា ប៉ូលិសចាប់ តែតុលាការដោះលែង ឬក៏ប៉ូលិសចាប់ហើយ តុលាការដាក់ទោសស្រាលពេក»៕