(ញូដេលី)៖ អណ្តូងរ៉ែមួយស្ថិត​នៅក្នុងរដ្ឋ Jharkhand ភាគខាងកើត​ប្រទេសឥណ្ឌា បានបាក់ស្រុត​បណ្តាលឲ្យ​កម្មករ ៣៥នាក់រងរបួស និងជាង ៦០នាក់ផ្សេងទៀត​​ត្រូវបាន​គេសង្ស័យថា​​កំពុងជាប់ខ្លួនក្នុងអណ្តូងដ៏ធំ​នោះ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ហេតុការណ៍បាក់អណ្តូងរ៉ែត្រូវបានគេរាយការណ៍​តាំងពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ ហើយឈានចូលមកដល់​ព្រឹកថ្ងៃសុក្រ នេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។ អណ្តូងរ៉ែដែល​ស្ថិតនៅក្នុង​ស្រុក Godda ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន Rajmahal Open Cast Mines ហើយក្រោយកើត​ហេតុភ្លាមៗ ក្រុមសង្គ្រោះ​បានបញ្ជូន​គ្រឿងចក្រ​ប្រមាណ ៤០គ្រឿង​ទៅធ្វើការជីកគាស់ក្នុងន័យសង្គ្រោះកម្មករផ្សេងៗទៀតដែលជាប់ក្នុងអណ្តូង ប៉ុន្តែគេនៅពុំទាន់ទទួល​បាន​ព័ត៌មាន​ណាមួយ ថាមានមនុស្សស្លាប់នោះឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕