(ភ្នំពេញ)៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះលក់គ្រឿងបន្លាស់រថយន្ដមួយកន្លែង នៅម៉ោងប្រមាណ១២៖៤០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ១៤៦ តាមបណ្ដាយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ តែត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្ដរាគមន៍ទាន់ពេល។

លោក ព្រហ្ម យ៉ន នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ ឈ្មោះ សុខ រីណា ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់គ្រឿងបន្លាស់រថយន្ត។

លោកថា ក្នុងហេតុការណ៍នេះកម្លាំងនគរបាលជំនាញបានចេញជួយទាន់ពេលវេលា ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់៣គ្រឿង រីឯការខូចខាតវិញមានទូ១ គ្រែ១ និងទូរទស្សន៍១គ្រឿង៕