(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានបានប្រឹងប្រែងធ្វើការងារ និងបានសម្រេចលទ្ធផលជាច្រើន ជួយជាប្រយោជន៍សម្រាប់អតីតយុទ្ធជន និងលើក កម្ពស់ជីវភាពឲ្យបានល្អប្រសើរ។

នៅចំពោះមុខអតីតយុទ្ធជន៥៩៧នាក់ ដែលមកពីបណ្តាឃុំទាំង១០ នៃស្រុកថ្មគោល ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា បានប្រឹងប្រែងបំពេញការងាររួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើនស្មារតីជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាសមាជិកសមាគម ពេលជួបគ្រោះថ្នាក់ ជួបទុក្ខលំបាក ឬ ទទួលមរណភាពជាដើម។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានគូសបញ្ជាក់ថា «រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ សមាគមសម្រេចបានលទ្ធផល គួរកត់សម្គាល់មានជាអាទិ៍ ការបើកផ្តល់ប្រាក់មរណសង្រ្គោះ ឲ្យទាន់ចំថ្ងៃបុណ្យសពសមាជិក ការយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ សមាជិកទាំងអស់ តាមស្រុក-ក្រុងទូទាំងប្រទេស។ ការធ្វើបច្ចប្បន្នភាពរកឲ្យឃើញអតីតយុទ្ធជន ដែលទ័លក្រ លំបាក អ្នកគ្មានដីធ្លី ផ្ទះសម្បែង ការពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្នាន ឃុំ-ភូមិ តាមរយៈការរៀបចំសៀវភៅបញ្ជីឈ្មោះ ឲ្យបានច្បាស់លាស់... ដែលកត្តាទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោលនយោបាយជាតិ សម្រាប់អតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា»

បើទោះបីជាយ៉ាងណាក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តក្រើនរំលឹកដល់មេឃុំ ជាប្រធានកិត្តិយស និងប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិកអតីតយុទ្ធជន តាមក្រុមតូចៗ ឬតាមគ្រួសារ និងត្រូវសហការផ្តល់អាទិភាពជួយអតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យទទួលបានសេវាសាធារណៈនានាដូចជា ការទទួលបានជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គមផ្សេងៗជាដើម។

យោងទៅតាមរបាយការណ៍របស់គណៈកម្មាធិការសមាគមខេត្ត និងពិនិត្យឃើញថា ខេត្តបាតដំបង មានបរិមាណអតីតយុទ្ធជនច្រើនជាងគេ ដែលភាគច្រើនមានជីវភាពក្រីក្រលំបាកផងនោះ នាយឧត្តមសេនីយ គន់ គីម ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣១ខ្នងបន្ថែមពីលើផ្ទះជាអំណោយរបស់សម្តេចតេជោ បានផ្តល់កន្លងមកចំនួន៩ខ្នង។

ក្នុងកិច្ចសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងកោតសរសើរចៅអធិការ ១៧វត្ត ដែលបានចែករំលែក ផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ៥,២០០,០០០រៀល ដល់មូលនិធិទ្រទ្រង់សមាគមស្រុកថ្មគោល។ នាយឧត្តមសេនីយ៍ចាត់ទុកថា នេះជាស្រុកគំរូមួយសម្រាប់ស្រុក ក្រុងដទៃទៀត។

ក្រៅពីព្រះសង្ឃ នៅមានមន្រ្តីជាន់ខ្ពស់ នៃកងកម្លាំងប្រាប់អាវុធ និងសម្បុរសជនមួយចំនួនទៀត ក៏បានឧបត្ថម្ភថវិកាសម្រាប់ឧបត្ថម្ភដល់អតីតយុទ្ធជន ដែលបានចូលរួមក្នុងកិច្ចសំណេះសំណានាថ្ងៃម្សិលមិញផងដែរ។ មន្រ្តី និងសប្បុរសជន ដែលជួយឧបត្ថម្ភថវិកាដល់អតីតយុទ្ធជនរួមមាន៖

១- នាយឧត្តមសេនីយ អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន១០លានរៀល
២- នាយឧត្តមសេនីយ សួស អង្គារ អគ្គស្នងការរងនគរបាលជាតិ ចំនួន១០លានរៀល
៣- លោក ឡាយ សែ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ចំនួន៤លានរៀល៕