(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានរៀបចំកម្មវិធីផ្តល់ឱកាសការងារ ជូននិស្សិតដែលបាន និងកំពុងសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «ក្រោមកិច្ចសហការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប វិទ្យាស្ថានខុងជឺ បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ពិសេសគឺការបំប៉នភាសាចិន ដែលកំពុងក្លាយជាតម្រូវការ ដ៏ចាំបាច់មួយ នៅកម្ពុជានាពេលបច្ចុប្បន្ន។ លើសពីនេះ វិទ្យាស្ថាន​បាន​​ខិតខំសហការជាមួយ​បណ្តាក្រុមហ៊ុន ​សហគ្រាស​ឯកជនទាំងអស់​ ដែលកំពុង​បំពេញ​ បេសកកម្ម​ការងារនៅកម្ពុជា​ដើម្បីទទួល​យកសិស្ស​ និស្សិត​កម្ពុជាទៅ​បម្រើការងារ»។​

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សា របស់និស្សិតលើគ្រប់ជំនាញ ហើយសាកលវិទ្យាល័យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់ទាំងបរិមាណ និងគុណភាពរបស់និស្សិត ទៅបម្រើការងារនៅតាមគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុនឯកជនទាំងអស់។

លោក ទេស រុក្ខាផល អគ្គលេខាធិការរងដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជានិច្ចកាល​ក្រសួងតែងបានបំពេញ ការងារយ៉ាងសកម្ម លើការផ្តល់សេវាស្វែងរកការងារនិង ផ្តល់ភាពងាយស្រួល ដល់បណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ដែលមាន បំណង​ជ្រើសរើសបុគ្គលិក។

លោកបន្ដថា ក្រសួងក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យទាំងអស់ ជាពិសេសសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានទំនាក់ទំនងល្អ ជាមួយវិទ្យាស្ថាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបណ្តុះបណ្តាលភាសាចិន គឺពិតជាបានផ្តល់នូវឱកាស ដ៏វិសេសវិសាល ជូនដល់និស្សិតក្នុងការទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននូវការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបៀវត្សរ៍សមរម្យ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តែងបានរៀបចំវេទិកាជំនួបរវាងសហគ្រាស ក្រុមហ៊ុនឯកជន និងសិស្ស និស្សិតកម្ពុជា ដើម្បីផ្តល់ឱកាសដោយផ្ទាល់ជូនដល់ក្រុមហ៊ុន និងសិស្ស និស្សិត។ ដោយឡែកនាថ្ងៃនេះ វិទ្យាស្ថានបានអញ្ជើញក្រុមហ៊ុនល្បីៗចំនួន ២៤ក្រុមហ៊ុន ដែលរួមមាន​ក្រុមហ៊ុនHUAWEI ក្រុមហ៊ុនCAMHR ក្រុមហ៊ុនកាត់ដេរ ក្រុមហ៊ុនបកប្រែឯកសារ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគ ក្រុមហ៊ុនផលិតកាតុង ក្រុមហ៊ុនផលិតសម្ភារៈក្មេងលេង ក្រុមហ៊ុនផលិតភេសជ្ជៈជាដើម៕