(ភ្នំពេញ)៖ ក្រុមនិសិ្សតមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើនជាង១០០នាក់ ទាំងសាស្រ្តាចារ្យផងនោះ បានទទួលបាននូវការធ្វើ​បទបង្ហាញផ្ទាល់ពី លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ទីតាំងរដ្ឋបាលថ្មី នៃទីរួមខេត្តត្បូងឃ្មុំ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំ និងក្រុមនិស្សិតនៃសកលវិទ្យាល័យមួយនេះ បានទៅបំពេញទស្សនកិច្ចសិក្សានៅខេត្តត្បូងឃ្មុំ ហើយពួកគេត្រូវបានលោក ប្រាជ្ញចន្ទ អភិបាលខេត្តជួបសំណេះសំណាលផងដែរ។

ក្រោយពីបញ្ចប់ការសំណេះសំណាល ជាមួយអភិបាលខេត្តរួចមក ក្រុមនិស្សិតនៃសាកលវិទ្យាវេស្ទីន និងថ្នាក់ដឹកនាំទាំងអស់ប្រមាណ១៣០នាក់ ត្រូវបានលោក ហាក់ សុខមករា រៀបចំឲ្យពិសាអាហារថ្ងៃត្រង់រួមគ្នាផងដែរ។

ក្រោយពីពិសាអាហាររួមគ្នារួចមក លោកអភិបាលរងខេត្ត ក៏បានបន្តនាំពួកគាត់ទៅពិនិត្យមើលប្រព័ន្ធហេដ្ឋារចនា និងតំប់នរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលកសាងបានជាង​៩០ភាគរយ ហើយគ្រោងនឹងបើកសម្ពាធជាផ្លូវការ នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

នៅរសៀលថ្ងៃដដែលនេះ លោក ហាក់ សុខមករា ក៏បានបន្តដឹកនាំពួកគេ ចុះត្រួតពិនិត្យតំបន់ទីប្រជុំនៃទីរួមខេត្តត្បូងឃ្មុំ និងតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រ «ក្រុងស្រលប់ពិជ័យព្រៃនគរ» ដែលជាអតីតរាជធានីរបស់ ឃុនហ្លូងព្រះស្ដេចកនផងដែរ៕