(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ យោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ពីបទលួចឈើ ឃាត់ខ្លួនកាល​ពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ស៊ុន សាន អធិការក្រុងសំរោងបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាថ្ងៃទី២៨ ខែធ្នូ នេះថា ក្រោយពីកម្លាំងយើងទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកក៏បានចាត់ឲ្យកម្លាំង​ស្រាវជ្រាវរហូតឈានមកដល់ការ​ឃាត់ខ្លួន ជនសង្ស័យ២បាន រួមទាំងវត្ថុតាងឈើមួយចំនួនផងដែរ។

លោកបន្តថា ជនសង្ស័យទី១ ឈ្មោះ ដួង  ចិន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អរស្មាច់ ក្រុងសំរោង ទី២ ឈ្មោះ យី សូសាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ករណីនេះ ជនសង្ស័យបានធ្វើសកម្មភាព លួចឈើនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង២៖៣០នាទី​រសៀល នៅចំនុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រីឯជនរងគ្រោះ ទី១ ឈ្មោះ សៀន សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ  មានទីលំនៅកន្លែ​កើតហេតុ និងទី២ ឈ្មោះ ស៊ិន ប៊ុនធិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋានដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ចាត់ការតាមនិតិវិធីច្បាប់ រីឯឈើទាំងអស់បានប្រគល់ជូនម្ចាស់ទាំងអស់វិញហើយ៕