(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន ក្នុងចំណោម៧១គ្រួសារ រស់នៅឃុំឈ្វាំង និងឃុំជ្រៃលាស់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំគ្នាឡើងមកតវ៉ាសាជាថ្មី នៅមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ស្នើសុំ ដោះស្រាយដីធ្លីផ្តល់យុត្តិធម៌ ដល់ពួកគាត់ឱ្យបានឆាប់រហ័ស។

លោកស្រី ជា សារិន តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៧១គ្រួសារបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីនេះៗ ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងមកក្រសួងដែនដី រួចម្តងទៅហើយ ហើយដោយរង់ចាំមិនឃើញ​មានដំណោះស្រាយ ទើបគាត់ឡើងមកតវ៉ា សារជាថ្មីទៀតនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងបំណងស្នើ​សុំឲ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីកម្ម ដោះស្រាយផ្តល់យុត្តិធម៌ ជូនពួកគាត់ឱ្យបានឆាប់។

ជាមួយគ្នានេះ លោកយាយ ហុំ កងពលរដ្ឋរងគ្រោះម្នាក់ទៀត បានឱ្យដឹងថា «ដីស្រែប្រាំងរបស់ពលរដ្ឋទាំងពីរ ឃុំខាងលើមានទំហំ សរុបប្រមាណជា៥០ហិកតា បានកាន់កាប់និង​អាស្រ័យផលតពីដូនតាមក ប៉ុន្តែមកទល់ឆ្នាំ២០១៤កន្លងទៅ លោកស្រី លឹម គា ដែលជាអ្នកទិញដី​ជំនួសមុខឱ្យលោកស្រី ឡៃ ហ៊ាង ប្រធានក្រុមហ៊ុន SKD បានប្តឹងប្រជាពលរដ្ឋដាក់គុក និងបានបង្ខំឱ្យតំណាងរបស់ពួកគាត់ យកដីនោះប្រគល់ជូនក្រុមហ៊ុន ទើបបង្ករជាការតវ៉ាក្នុងជម្លោះដីធ្លីនេះ កើតឡើងជាបន្តបន្ទាប់»។

លោកយាយបន្តថា «បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ គេឃើញអាជ្ញាធរខេត្តចុះទៅដោះស្រាយ ជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរហាក់ មានទំនោរ ទៅខាងក្រុមហ៊ុន ដោយពេលថ្មីៗនេះ លោក នៃ ចារីយ អភិបាលរងខេត្តកណ្តាល បានទៅលួងលោមប្រជាពលរដ្ឋ​ដោយព្រម ផ្តល់សំណងជូនពួកគាត់តែ១០០០០ដុល្លារ យកទៅចែកពលរដ្ឋទាំង៥១គ្រួសារ ជាថ្នូរនឹងការបញ្ចប់រឿងក្តី ដែលអូសបន្លាយជាយូរឆ្នាំមកនេះ។ ​ដោយសារមិនយល់ព្រម ទើបពលរដ្ឋឡើងមកតវ៉ា​ជាថ្មី​ទៀតនេះ ដើម្បីស្នើសុំដោះស្រាយផ្តល់​ដីជូនពួកគាត់វិញ ឱ្យបានឆាប់រហ័ស។ គេមិនអាចស្នើសុំការអត្ថាធិប្បាយ​​ពីលោកស្រី លឹម គា តំណាងក្រុមហ៊ុន​ SKD បានទេភ្លាមៗនេះ ប៉ុន្តែតាមការអះអាង របស់លោកស្រីកាលពីកន្លងមក បញ្ជាក់ថា លោកស្រីបានទិញដីពីប្រជាពលរដ្ឋ ស្របច្បាប់ មានទាំងស្នាមមេដៃទិញលក់ និងការទទួលស្គាល់​ពីអាជ្ញាធរ ទៀតផង»

តាមការឱ្យដឹងពីពលរដ្ឋ បានលើកឡើងពីសាវតានៃជម្លោះនេះថា ពួកគាត់បានកាន់កាប់ដីនេះ តាំងពីក្រោយឆ្នាំ១៩៧៩មកដែល ជាដីកេរ្ត៏ដូនតា ហើយរហូតដល់ឆ្នាំ​២០០៧ក្រុមហ៊ុន SKD បានចុះទិញដីនោះ ដោយបានកក់ប្រាក់មួយចំនួនទៅប្រជាពលរដ្ឋ ប៉ុន្តែមិនបានឱ្យគ្រប់ចំនួននោះទេ ហើយក៏បានដាក់គ្រឿងចក្រមកឈូស ឆាយព័ទ្ធយកដីនោះ នាំឱ្យមានការតវ៉ាផ្ទុះឡើង។

ក្រោយពីតវ៉ាក៏មានការអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសម្តេចបានប្រគល់ដីនោះ ដល់ពលរដ្ឋវិញ ដោយមាន ការឯកសារ ជាលាយល័ក្ខអក្សរ ប្រគល់ជូនពលរដ្ឋ ពីលោកស្រី ឡៃ ហៀង ប្រធានក្រុមហ៊ុន SKD ទៀតផងនៅឆ្នាំ២០០៨។ ប៉ុន្តែមិនដឹងជាយ៉ាងណា រហូតដល់ឆ្នាំ២០១៤ ស្រាប់តែលេចមុខ​អ្នកស្រី លឹម គា តំណាងអ្នកទិញដីឱ្យ ក្រុមហ៊ុនSKD ចេញមុខប្តឹងពលរដ្ឋដាក់គុក គំរាមយកដីនោះ មកទល់បច្ចុប្បន្ននៅ​មិនទាន់មានដំណោះស្រាយបាន ទើបនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់។ ករណីនេះពលរដ្ឋទាំង៧១ គ្រួសារខាងលើ ស្នើសុំ អាជ្ញាធរពាក់ព័ន្ធនិងក្រសួងដែនដី មេត្តាពន្លឿន​ដោះស្រាយដីធ្លី​ជាងពួកគាត់ឱ្យបានឆាប់ ដោយសារបច្ចុប្បន្នពួកគាត់​កំពុងរងគ្រោះ គ្មានដីធ្វើស្រែចិញ្ចឹម គ្រួសារនោះទេ។

គួរបញ្ជាក់ថា ជម្លោះដីធ្លីរុំារ៉ៃអូសបន្លាយ​ជិត២០ឆ្នាំ ប៉ុន្តែនៅមិនទាន់អាចសដោះស្រាយចេញ ទើបប្រជាពលរដ្ឋនៅតែនាំគ្នា មកតវ៉ារកភាពយុត្តិធម៌៕