(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបំពាក់ឋានន្តរស័ក្តិជូននាយទាហាន ដែលចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ចុះ និងមុនឆ្នាំ១៩៧៩ ទាំងអស់នេះ គឺជាការទទួលស្គាល់គុណូបការៈ និងជាការលើកទឹកចិត្តចំពោះកងទ័ព ក្នុងការចូលរួមបុព្វហេតុការពារជាតិ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ នៅក្នុងគ្រាដ៏លំបាក ព្រមទាំងបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យើងទាំងអស់គ្នារហូតមកដល់ពេលនេះ។

បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជក់ថា ការសម្រេចបំពាក់ឋានន្តរស័ក្តិជូននាយទាហានឆ្នាំ១៩៧៩ចុះ គឺជាការកំណត់ឆ្នាំព្រឹត្តិការណ៍នៃការ រំដោះប្រទេស​ជាតិ។ លោក ហ៊ុន ម៉ាណែត បន្តថា នេះជាតំណាក់កាលនៃ ការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកង​ទ័ពនៅក្នុងឆ្នាំ១៩៧៩​ហើយតំណាក់កាលទីបន្ទាប់នឹងបំពាក់ជូននៅ ពេលខាងមុខជាបន្តបន្ទាប់។  

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមនៅ ក្នុងពិធីជួបសំណេះសំណាលនិងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើ​កងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងមុនឆ្នាំ១៩៧៩ ចំនួន១១៥នាក់ នៅភូមិភាគ២ទីរួម ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយប្រមុខរាជរដ្ឋាភិបាលគឺបានយកចិត្តទុកដាក់លើកម្ពស់កម្រិត ជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់​អាវុធ អតីតយុទ្ធជនតាមរយៈការតម្លើងប្រាក់បៀវត្ស ការតម្លើងឋានន្តរស័ក្តិ ការផ្តល់ ទីជម្រក ការផ្តល់ដីសម្បទានសង្គមកិច្ចនិងគោលនយោបាយផ្សេងៗទៀត។

គួរបញ្ជាក់ថា នាយទាហាន ដែលទទួលបានការបំពាក់ឋានន្តរស័ក្តិនៅក្នុងក្របខ័ណ្ឌភូមិភាគ២មានចំនួនសរុប១១៥នាក់ រួមមាន ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន២២នាក់, ថ្នាក់វរសេនីយ៍ឯក ចំនួន២៩នាក់, ថ្នាក់វរសេនីយ៍ទោ ចំនួន៤២នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន១៣នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន៣នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន២នាក់៕