(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះក្រសួងមហាផ្ទៃបានរកឃើញតម្រុយខ្លះៗ ពាក់ព័ន្ធនឹងករណីប្រមាថព្រះជេស្តាព្រះមហាក្សត្រខ្មែរនៅលើបណ្តាញសង្គម Facebook ។

ទោះជាយ៉ាងណា មន្រ្តីក្រសួងមហាផ្ទៃរូបនេះ មិនចង់ពន្យល់លម្អិតអំពីមុខសញ្ញាដែលក្រសួងមហាផ្ទៃកំពុងស្វែងរកឡើយដោយអះអាងថា ទុកឱកាសឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ពួកគេដោយសម្ងាត់។ ខណៈដែលប្រភពផ្សេងទៀតអះអាងថា ក្រសួងមហាផ្ទៃកំពុងតាមដាន គណនី Facebook ចំនួន៣ ដែលបានប្រមាថព្រះមហាក្សត្រកម្ពុជា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមាន Facebook មួយចំនួន ត្រូវបានគេឃើញថា បានបង្ហោះរូបភាពកាត់តដ៏អាសអាភាសដោយប្រមាថដល់ព្រះមហាក្សត្រខ្មែរ។ គណនី Facebook នោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕