(ពោធិ៍សាត់)៖ ផ្ទះចំនួន ៤ខ្នងទៀតហើយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា ចាត់ចែង សាងសង់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីរកឃើញថា ពួកគេមានការលំបាកក្នុងជីវភាព និងគ្មានលំនៅឋានសម្រាប់ស្នាក់នៅ ។

ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសសាងសង់ជូនអតីតយុទ្ធជនក្នុងពិធីសំណេះសំណាលរវាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជាមួយអតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ។

អតីតយុទ្ធជន ដែលសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះជូននោះរួមមាន៖ ១- ឈ្មោះ ចាន់ ប៊ុនថន យោធិនពិការនៅភូមិក្តីឈ្នួល ឃុំ ត្រពាំងជង, ២- ឈ្មោះ ខឿន រុន យោធិនពិការ នៅភូមិ ចំការលើ ឃុំបឹងខ្នារ, ៣- ឈ្មោះ សឿ យ៉េម យោធិនពិការ នៅភូមិនិគមលើ ឃុំ ស្វាយដូនកែវ និងទី៤- ឈ្មោះ ចាន់ សុខ យោធិនចូលនិវត្តន៍ នៅភូមិ ឃុំ ខ្នារទទឺង។

អតីតយុទ្ធជនទាំង ៤គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាករបស់ពួកគាត់។

លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ បានចាត់ទុកថា ការសាងសង់ផ្ទះជូនអតីតយុទ្ធជននេះ ជាការគិតគូរពីជីវភាព និងសុខទុក្ខអតីតយុទ្ធជនពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថា ការសម្រេច សាងសង់ផ្ទះជូនអតីតយុទ្ធជន គឺជាការឆ្លើយតបទៅនិងគុណបំណាច់ និងទំហំពលីកម្មរបស់អតីតយុទ្ធជន។

ក្នុងពេលជួបសំណេះសំណាលនោះ នាយឧត្តមសេនីយ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនរួមផ្ទៃ ក្នុងមហាគ្រួសារតែមួយ ហើយត្រូវជឿជាក់ ស្មោះស្ម័គ្រ និង គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕