(សៀមរាប)៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យមើលសំណើសុំសាងសង់ និងជួសជុលផ្ទះ។ក្រោយពីពិនិត្យ រួចហើយ ក្រុមការងារក៏បានអនុញ្ញាតជូនប្រជាពលរដ្ឋ ចំនួន២២គ្រួសារ។ ទន្ទឹមគ្នានឹងការអនុញ្ញាតនោះ ក្រុមការងារសហគមន៍ក៏ បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់នោះ សាងសង់សំណង់គោរពទៅតាមការស្នើសុំ និងការអនុញ្ញាតរបស់អាជា្ញធរជាតិអប្សរា។

ក្រៅពីនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាអំណោយ របស់បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន២៨គ្រួសារដែរ ។

ជាមួយគ្នានោះ លោកស្រី ដួង ចំប៉ា ជាប្រជាពលរដ្ឋនៅភូមិរំចេកបានសម្តែងនូវការសប្បាយចិត្ត និងអរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេសបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយសូមជូនពរឲ្យលោក លោកស្រី និងមន្ត្រីបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

គួរបញ្ជាក់ថា ការរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួស មិនត្រូវបានហាមឃាត់ឡើយ ក្នុងករណីដែលប្រជាពលរដ្ឋទាំងអស់នោះ ជាប្រជាជនចាស់រស់នៅក្នុងតំបន់អង្គរតាំងពីដើមមក ។ ម្យ៉ាងទៀត ការសុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ការចុះប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់ដល់មូលដ្ឋានគឺ ជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាជនក្នុងការធ្វើ ដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ៕