(កោះកុង)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរយយស និងប្រគល់ប័ណ្ណ​សរសើរជូន​ដល់ថ្នាក់ដឹកនាំ គ្រូបច្ចេកទេស និងនិស្សិតឆ្នើមចំនួន ៥០នាក់ ដែលទទួលបាននិទ្ទេសល្អ ក្នុងការសិក្សា។

ការបំពាក់គ្រឿងឥស្សរយយស និងប្រគល់ប័ណ្ណសរសើរខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងមានការចូល​រួម​ពីលោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត លោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទ លោក យក់ សង្វាត ប្រធាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជីម មុន នាយកមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្ត រួមទាំងនិសិ្សតជាច្រើនរូប។

លោក ជីម មុន បានថ្លែងឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

លោក ជីម មុន បានបន្តថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង បានខិតខំបង្កើន និងលើកកម្ពស់គុណភាពសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅឆ្លើយតបឲ្យបានសមស្របទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឲ្យស្របទៅតាមតម្រូវការ​ទីផ្សារពលកម្មក្នុង​ស្រុក និងក្រៅស្រុក។

លោក ជីម មុន បានបន្ថែមថា ដើម្បីសម្រេចជោគជ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់គុណភាពអបរំ ក្នុងសង្គមកម្ពុជា មជ្ឈមណ្ឌលបណ្ដុះ​បណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង បានកំណត់នូវចក្ខុវិស័យក្លាយជាស្ថាប័ន TVET ដែលល្អជាងគេ ក្នុងនោះមានបំពាក់សម្ភារទំនើបៗ ក្នុងកម្មវិធីសិក្សាទទួលស្គាល់ជាសកល។

លោកអភិបាលរងខេត្ត ផៃធូន ផ្លាមកេសន បានឲ្យដឹងដែរថា រដ្ឋបាលខេត្តកោះកុងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើមនៃការបង្កើតឲ្យ​មានយន្តការ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្សនិស្សិត ជាពិសសេយុវជនកម្ពុជា ឲ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីឈរជើងប្រកួតប្រជែង ក្នុងទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស៕