(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងនូវអភិក្រមនៃការអប់រំមួយឃ្លា បញ្ជាក់ប្រាប់ដល់សិស្សនិសិ្សតថា «គ្មានការអប់រំ គឺគ្មានអរិយធម៌ គ្មានព្រលឹងវប្បធម៌, ការអប់រំ ជាគ្រឹះនៃការអភិវឌ្ឍន៍ និងជាប្រៀបខ្លាំងរបស់ជាតិ»

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ​កម្ពុជា ជំនាន់ទី១២ ឆ្នាំសិក្សា២០១៥-២០១៦ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្ដីសាទរ ដោយបានចូលរួមជាមួយសិស្សានុសិស្សទាំងអស់ ដែលប្រកបដោយគុណធម៌ ក្រមសីលធម៌ល្អ និងគោរពឱវាទ​សាស្ត្រា​ចារ្យគ្រូបង្រៀនទាំងអស់ ពិសេសអាណាព្យាបាលរបស់សិស្សនិស្សិត ដែលបានចំណាយធនធានសម្រាប់ការសិក្សា តាំងពីថ្នាក់បឋម​រហូតដល់ថ្នាក់មហា​វិទ្យាល័យ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា លទ្ធផលដែលបានផ្ដួចផ្ដើមប្រារព្ធរៀបចំព្រឹត្ដិការណ៍ ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ នាពេលនេះ ស្របពេលដែល​ប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ការកសាងធនធានមនុស្ស និងមូលធនបញ្ញា ដែលរាជរដ្ឋាភិបាលកំពុងជំរុញ​ការកែទម្រង់​ស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្សនិស្សិត ឲ្យឡើងដល់ស្ដង់ដារ ដែលអាចធ្វើសមាហរណកម្មជាមួយតំបន់ និងពិភពលោកបាន។

លោកស្រីបានបញ្ជាក់ថា ជាមួយការលើកតម្លៃគុណភាពអប់រំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ចតុស្ដម្ភនៃការអប់រំមាន៖ ១. រៀនដើម្បីមានចំណេះដឹង, ២. រៀនដើម្បីមានចំណេះធ្វើ, ៣. រៀនដើម្បីក្លាយជាពលរដ្ឋល្អ និង៤. រៀនដើម្បីចេះរួមរស់ជាមួយគ្នាដោយសុខដុមរមនា៕