(ពោធិ៍សាត់)៖ ក្រុមចោរហារយប្រមាណ២ទៅ៣នាក់ បានធ្វើសកម្មភាពគាស់តូបលក់ដូររបស់ប្រជាពលរដ្ឋ ក្នុងផ្សារតូចមួយ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លួចយកទូរស័ព្ទទំនើបចំនួន១០៥គ្រឿង និងសម្ភារជាច្រើនទៀត សរុបជាទឹកប្រាក់៣,៥០០ដុល្លារ ដោយសុវត្ថិភាព ខណៈម្ចាស់កំពុងដេក​លង់លក់មិន​ដឹងខ្លួន។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា យោងតាមការសន្និដ្ឋានជំហានដំបូង ជនសង្ស័យអាចមានគ្នាពី ២ទៅ៣នាក់ ហើយមុខសញ្ញាបានធ្វើសកម្មភាព ចន្លោះពីម៉ោង១២យប់ ទៅម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ លុះដល់ព្រឹកឡើងក៏បង្កជាការភ្ញាក់ផ្អើលឆោឡោ ពេញផ្សារតែម្ដង។

លោកអធិការបានបន្តថា ជនរងគ្រោះដែលជាម្ចាស់តូបលក់ដូរ ប្ដីឈ្មោះ អ៊ុក វ៉ិត អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ ហៀង យូរណុច អាយុ២៤ឆ្នាំ រស់នៅចំណុចកើត​ហេតុខាងលើ។

លោកអធិការបានបន្តទៀតថា សម្ភារដែលបាត់បង់នោះរួមមាន ទូរស័ព្ទដៃស្មាតហ្វូនចំនួន ១០៥គ្រឿង, Tablet ១គ្រឿង, ស៊ីមទូរស័ព្ទ ៥០ស៊ីម, កាតទូរស័ព្ទ១០០សន្លឹក (១ដុល្លារ), Power Bank ៥គ្រឿង និងស្ទីគ័រ៥ សរុបជាទឹកប្រាក់ ៣,៥០០ដុល្លារ។

ករណីដ៏ភ្ញាក់ផ្អើលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកកិច្ចស្រុកភ្នំក្រវាញ កំពុងចាក់វិធានការតាមប្រមាញ់ឃាត់ខ្លូន ដើម្បីនាំខ្លួនទៅកាត់ទោសតាមច្បាប់៕